(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦បានកន្លងផុតទៅ ប្រជាពលរដ្ឋ ខ្មែរទាំងអ្នកក្រុង និងតាមទីជនបទ ក៏បានវិលប្រកបការងាររៀងៗខ្លួនផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល ៤ថ្ងៃនេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បានសម្រាកពីការងារ និង បានជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលញ៉ាំងឲ្យបរិយាកាសជីវិត របស់ប្រជាពលរដ្ឋខ្មែរកាន់តែរីករាយថែមទៀត។

រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មិនថាតែខេត្តសៀមរាប ដែលមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាំឲ្យពលរដ្ឋខ្មែរចូលរួមលេង សប្បាយយ៉ាងច្រើនកុះករនោះទេ នៅរមណីយដ្ឋានតាមបណ្តាខេត្តនានា ដូចជាខេត្តកំពត ព្រះសីហនុ កោះកុង ដែលជាខេត្តទេស  ចរណ៍តំបន់ឆ្នេរ និងខេត្តអេកូទេសចរណ៍នៅភូមិភាគឦសាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក៏មានប្រជាពលរដ្ឋទៅលេង កម្សាន្តយ៉ាងច្រើនកកកុញផងដែរ។

មានក្រុមគ្រួសារខ្មែរខ្លះ បានធ្វើដំណើរទៅលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ជាច្រើនខេត្ត ដោយចេញពីខេត្តមួយ ឆ្ពោះទៅ ខេត្តមួយទៀត ជាបន្តបន្ទាប់ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ។ តាមដងផ្លូវជាតិ ដែលភ្ជាប់ពីរាជធានី ទៅតាមបណ្តាខេត្តនានាក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវបានមមាញឹកដោយយានយន្តមានទាំងរថយន្ត និងម៉ូតូ ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះទៅកាន់តំបន់ ទេសចរណ៍ ដែលជាគោលដៅរបស់ពួកគេ។

តាមការសង្កេតក្នុងឱកាសចូលឆ្នាំថ្មី កំណើនភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានា ហាក់មានការកើនឡើងជារៀងរាល់ឆ្នាំ។  មានកត្តាច្រើនយ៉ាង ដែលនាំឲ្យមានកំណើនភ្ញៀវទេសចរនេះមានដូចជា កំណើនរបស់ប្រជាពលរដ្ឋ ភាពរីកចម្រើនផ្នែកជីវភាព ភាព ល្អប្រសើរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន ថ្នល់) ជាពិសេសនោះ គឺកត្តាសន្តិសុខ សុវត្ថិភាព ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរធ្វើដំ ណើរទៅគ្រប់ទីកន្លែង ទោះបីថ្ងៃ ឬ យប់ មិនបានបង្កការព្រួយបារម្ភពីសុវត្ថិភាពដូចអតីតកាលនោះឡើយ។

និយាយដល់សន្តិសុខសុវត្ថិភាពនេះ យើងអាចក្រឡេកទៅមើលស្ថានភាពប្រទេសជាតិរបស់យើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០-៩៨  ពេលដែលខ្មែរមិនទាន់បានបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ បានទាំងស្រុងនោះ ប្រជាពលរដ្ឋខ្មែរ មិនអាចធ្វើដំណើរទៅតាមបណ្តាខេត្ត នានា បានដោយងាយស្រួលនោះឡើយ ដោយសារកត្តាផ្លូវ ជាពិសេសក្រុមចោរប្លន់តែងបានស្ទាក់បាញ់ប្លន់ និង បង្កឲ្យពលរដ្ឋខ្មែរ ស្លាប់ស្ទើររាងរាល់ថ្ងៃ ដូច្នេះមិនមានប្រជាពលរដ្ឋខ្មែរណា អាចដើរកម្សាន្តបាននោះឡើយ។

ចាប់តាំងពីខ្មែរស្វែងរកសន្តិភាពបានពេញលេញ ក្រោមការដាក់ចេញយុទ្ធសាស្រ្តឈ្នះឈ្នះរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដោយប្រមូលទ័ពរបស់ខ្មែរក្រហមទាំងអស់មកធ្វើជាកងទ័ពរបស់រាជរដ្ឋាភិបាល ការស្ទាក់បាញ់ប្លន់នៅតាមដងព្រៃ នានា ក៏លែងមានផងដែរ។

ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា រាជរដ្ឋាភិបាលកើតចេញពី គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន កំពុងធ្វើដំណើរលើផ្លូវមួយ ដ៏ល្អប្រសើរក្នុងការនាំមកនូវភាពរីក ចម្រើន និងភាពសុខដុមជូនប្រជាពលរដ្ឋកម្ពុជា ក្រោមដំបូលសន្តិភាព នៃប្រទេសជាតិ។

ថ្ងៃ១៧ ខែមេសា កន្លងទៅនេះ បើនឹកទៅដល់ ៤១ឆ្នាំមុន គឺជាថ្ងៃដែលបនក្បត់ ប៉ុល ពត ដណ្តើមកាន់កាប់រាជធានីភ្នំពេញពីលោក  លន់ នល់ វាគឺជាទិវា នៃមរណៈរបស់ប្រជាពលរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រី ត្រូវបានបង្ខំឲ្យចាកចេញពីរាជធានីភ្នំ  ពេញយ៉ាងវេទនាជាទីបំផុត។ តែផ្ទុយទៅវិញ ១៧ មេសា ឆ្នាំ២០១៦ គឺជាថ្ងៃ ដែលប្រជាពលរដ្ឋខ្មែរ ត្រូវបានវិលត្រឡប់ពីលេង កម្សាន្តនៅស្រុកកំណើត និងតំបន់រមណីយដ្ឋាននានា ឆ្ពោះចូលមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ និងប្រកបរបស់ចិញ្ចឹមជីវិត  បន្តទៀត ក្រោយសម្រាកលំហែកាយអស់ជាច្រើនថ្ងៃ។ គ្រាន់តែនៅលើផ្លូវជាតិលេខ ៦អា បើទោះបីផ្លូវនេះ ត្រូវបានពង្រីកទៅហើយក្តី  ក៏នៅតែកកស្ទះទៅដោយចំនួនយានយន្ត។

ទិដ្ឋភាព ដែលបានបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ជាសក្ខីកម្មមួយយ៉ាងប្រត្យក្សបង្ហាញឲ្យឃើញថាប្រទេសកម្ពុជា រយៈពេល ប្រមាណ ១៨ឆ្នាំ ក្រោយបញ្ចប់សង្រ្គាមទាំងស្រុង បាននិងកំពុងធ្វើដំណើរឆ្ពោះទៅរកកាអភិវដ្ឍ និង រីកចម្រើនជាលំដាប់ វាផ្ទុយស្រ  ឡះពីការលើកឡើងរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងគេចខ្លួននៅក្រៅប្រទេស ដែលបាននិយាយប្រដូចស្ថានភាពប្រទេស ជាតិនាពេលបច្ចុប្បន្នទៅនឹងរបបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ដូច្នេះតម្លៃសន្តិភាពពិតជាមានសារៈសំខាន់សម្រាប់ជាតិកម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាឲ្យបាន មិន ត្រូវបណ្តែតបណ្តោយខ្លួនលង់លក់លើការញុះញង់ អូសទាញណាមួយ នាំក្តីវិនាសអន្តរាយសម្រាប់ជាតិ ឲ្យធ្លាក់ក្នុងអន្លង់អន្តរាយដូច អតីតកាលទៀតនោះឡើយ។

សូមជំរាបថា ជាក់ស្តែងនៅក្នុងឱកាសចូលឆ្នាំថ្មី នាព្រឹត្តិការណ៍អង្គរសង្គ្រាន ខេត្តសៀមរាប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប បូករួមទាំងប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ បាននាំគ្នាចូលរួមរាំលេងកម្សាន្ត និងលេងល្បែងកំសាន្តនានាច្រើនយ៉ាងសប្បាយរីករាយ។ បើតាមអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អន្តរជាតិមានប្រមាណជាង១លាន៤សែននាក់ ទៅលេងកំសាន្តនៅខេត្តសៀមរាប ក្នុងឱកាសចូលឆ្នាំថ្មី។

ដោយនៅថ្ងៃទី១៩ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ នៅខេត្តព្រះវិហារ បានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋរាំបទ «ញីកែងជើង» ម្តងទៀត នៅលើទឹកដីខេត្តព្រះវិហារ នេះ។ នេះជាការរាំបទញីកែងជើង ជាលើកទី២ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានរាំជាលើកទី១ នៅពេលចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប កាលពីអំឡុងចូលឆ្នាំខ្មែរថ្មីៗនេះ៕