(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Mini Cooper និងម៉ូតូស្មាស់ បានបណ្ដាលឲ្យមនុស្ស២នាក់ដែលជាឪពុក និងកូនតូចរងរបួសធ្ងន់ធ្ងរ​ ដែលករណីនេះបានកើតឡើង​ នៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកនេះ បណ្តាលឲ្យឪពុកឈ្មោះ​ ចៅ ផល្លា អាយុ៣០ឆ្នាំ មានមុខរបរលក់រថយន្ត នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ រងរបួសធ្ងន់សន្លប់ស្តូកស្ដឹង និងកូនតូចដែលទើបមានអាយុ៣ឆ្នាំឈ្មោះ ម៉េង លីហ៊ា រងរបួសធ្ងន់ធ្ងរផងដែរ ត្រង់ចំណុចថ្ងាស់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ គេឃើញរថយន្ត Mini Cooper ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-2109 បើកដោយបុរសម្នាក់ពីលិចទៅកើត ស្រាប់តែជ្រុលទៅបុកជនរងគ្រោះទាំង២នាក់ ឪពុក និងកូន បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

ក្រោយកើតហេតុ អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំហើយគាត់បាននិយាយថា មូលហេតុនោះគឺគាត់ងងឹតមុខ៕