(រុស្ស៊ី)៖ យោធារុស្ស៊ី បានប្រើប្រាស់យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកប្រភេទ Su-34 ដើម្បីកម្ទេច រនាំងទឹកកកយក្ស ដែលបាននាំឲ្យស្ទះដងទន្លេ ជាព្រំប្រទល់រវាងតំបន់ Vologa និង Arkhangelsk កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។

វាជាលើកទីមួយហើយ ដែលក្រសួងការពារជាតិរុស្ស៊ី ប្រើប្រាស់វិធីខាងលើនេះ ដើម្បីរំលាយដុំទឹកកក ដែលនាំឲ្យស្ទះទន្លេ និងបានបង្កជាទឹកកកជំនន់ដ៏អាក្រក់នៅតំបន់នោះ។ រដ្ឋមន្ត្រីដោះស្រាយគ្រាមាន អាសន្នរបស់រុស្ស៊ីលោក Vladimir Puchkov បានថ្លែងថា ទឹកទន្លេបានចាប់ផ្តើមហូរជាធម្មតាវិញហើយ បន្ទាប់ពីរនាំងទឹកកកដ៏ធំនោះ ត្រូវបានបានបំបែកចេញជាផ្នែកខ្លះៗ។

គួរបញ្ជាក់ថា តំបន់ព្រំដែនរវាង Vologa និង Arkhangelsk របស់រុស្ស៊ីបានទទួលរងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំមកនេះ ហើយវាកើតឡើងដោយសារតែផ្លូវហូររបស់ទឹកទន្លេស្ទះ ក៏ព្រោះតែការរារាំងដោយដុំទឹកកកនោះ។ ដូច្នេះដំណោះស្រាយបន្ទាន់ មានតែការប្រើប្រាស់ សព្វាវុធយោធាទំនើបៗ តែប៉ុណ្ណោះ៕