(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ខណៈដែលខេត្តមួយចំនួន នៅមានកំដៅខ្ពស់នៅឡើយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធរោងចក្រផលិតស្ករសកៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានលើកឡើងថា «ធាតុអាកាសឆ្នាំនេះ គឺអាក្រក់ណាស់ រលកកម្តៅរបស់យើងឡើងដល់៤០អង្សា ហើយបើនៅស្ទឹងត្រែងឡើងដល់៤២អង្សា ប៉ុន្តែយើងមិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេ នៅទីនេះត្រឹមរបួស ហើយម្សិលមិញកំពតក៏មានបញ្ហា នៅមណ្ឌលគិរីក៏មានបញ្ហា ខ្យល់កន្រ្តាក់នៅមានរយៈពេល ប៉ុន្មានថ្ងៃខាងមុខទៀត»

របាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អំឡុងបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ មានករណីអគ្គិភ័យ១២លើក ដែលឆេះផ្ទះប្រជាពលរដ្ឋ៦៣ខ្នង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ៨៦៧.៥០០ដុល្លារ រួមទាំងឧបករណ៍សម្ភារៈមួយចំនួនទៀត៕