(កំពត)៖ រថយន្តទំនើប ២គ្រឿង និងម៉ូតូជិត ១០០គ្រឿង ដែលដាក់លក់នៅហាងក្រុមហ៊ុនម៉ូតូហុងដាលីប៉េង ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង ជាង៦ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្សារសាមគ្គីទីរួមខេត្តកំពត ក្រុងកំពត ដែលបង្ករការឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គ្រោះអគ្គិភ័យ ខាងលើនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ហើយក្រោយកើតហេតុភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្ដ បានចេញអន្តរាគមន៍ បាញ់ពន្លត់មិនបណ្ដាលឲ្យប៉ះពាល់ដល់លំនៅដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

សមត្ថកិច្ចបានបន្ដថា ក្រោយហេតុការពន្លត់អគ្គីភ័យរួចហើយ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុនៃការបង្ករបណ្ដាលធ្វើឲ្យអគ្គីភ័យឆាបឆេះកើតឡើង។

ជាមួយគ្នានេះដែរ លោក លី ប៉េង ម្ចាស់ហាងក្រុមហ៊ុនម៉ូតូហុងដាលីប៉េង បានឲ្យដឹងថា ក្នុងករណីកើតហេតុគ្រោះអគ្គិភ័យនេះ គឺហាងរបស់គាត់មានការខូចខាតម៉ូតូប្រភេទផ្សេងៗប្រមាណជិត ១០០គ្រឿងនិងរថយន្តម៉ាក lexus៥៧០ ពណ៌ស ១គ្រឿង និងរថយន្តទំនើបម៉ាកហុងដា ១គ្រឿង។

បន្ថែមពី នេះទៀត លោកបានបញ្ជាក់ថា គ្រោះអគ្គីភ័យនេះ លោកក៏មានចិត្តរំភើបផងដែរ ដែលគ្រាន់តែខូចខាត ទ្រព្យសម្បត្តិក្នុងហាងរបស់លោកតែប៉ុណ្ណោះ មិនធ្វើឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញហាងរបស់លោកនោះឡើយ៕