(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន៩៨៣នាក់ ក្នុងស្រុកពញាឮ។

មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកតា លោកយាយទូទាំងស្រុកពញាឮ ជាពិសេស លោកតា លោកយាយ ដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ សម្ដេច បានណែនាំឲ្យយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់ជូនលោកតា លោកយាយ ដែលមានជីវភាពខ្វះខាតទូទាំងស្រុកពញាឮ ចំនួន៩៨៣នាក់ ដោយម្នាក់ៗទទួលបានភួយចំនួន០១ និងថវិកាចំនួន១០ម៉ឺនរៀល និងដោយឃើញការលំបាករបស់លោកតា លោកយាយមួយចំនួនពិបាកក្នុងការធ្វើដំណើរ លោកក៏បានជួយឧបត្ថម្ភឈេីច្រត់មួយចំនួន សម្រាប់ពួកគាត់ផងដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល និងបានណែនាំបន្ថែមដល់រដ្ឋបាលស្រុកពញាឮ ត្រូវតាមដានជាប់ជាប្រចាំ ពិសេសចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនទាំងអស់ក្នុងស្រុកពញាឮ ធ្វើយ៉ាងណាកុំឲ្យបងប្អូនស្លាប់ដោយសារខ្វះស្បៀងអាហារ ដោយយេីងមិនបានដឹង និងមិនបានជួយ៕