(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ឲ្យដឹងថា ព្រលានយន្តហោះនៅភ្នំពេញ និងនៅខេត្តសៀមរាប មិនអាចឆ្លើយតបនឹងកំណើនជើងហោះហើរ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា បាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយសារតែមិនអាច ឆ្លើយតបនឹងកំណើនអភិវឌ្ឍកម្ពុជា បានយ៉ាងដូច្នេះហើយ ទើបតម្រូវសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល និងសៀមរាប ហើយពង្រីកព្រលាន នៅខេត្តព្រះសីហនុ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រលានយន្ដហោះនៅទីក្រុងភ្នំពេញ មិនអាចទ្រទ្រង់ការរីកចម្រើនទៅអនាគតបានទេ យើងអាចទប់ត្រឹមតែ ការហោះហើរផ្ទៃក្នុង ការដឹកទំនិញមួយភាគ និងកងទ័ពជើងអាកាស ដែលនៅទីនោះ ហើយនៅសៀមរាបក៏ដូចគ្នា មិនអាចទេ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជា ត្រូវការទទួលយន្ដហោះធុនធំ ដើម្បីចុះនៅខេត្តសៀមរាប ប៉ុន្ដែចុះមិនបាននោះទេ ព្រោះទាក់ទងជាមួយ នឹងសុវត្ថិភាពអង្គរវត្ដ។ ដូច្នេះហើយ បានត្រូវកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មួយទៀត។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃក្រោយការហោះហើរអាចចុះចតនៅភ្នំពេញ, នៅខេត្តសៀមរាប និងអាចចុះចតនៅខេត្តព្រះសីហនុ ដោយយន្ដហោះធុនធំគ្រប់ខ្នាតទាំងអស់។

គូសបញ្ជាក់ថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានប្រកាសឡើងក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ។

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដោយការសាងសង់បានចាប់ផ្តើម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេល៣៦ខែ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕