(កណ្តាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវពន្លឿនការសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័ស ដើម្បីផ្ទេរអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅស្ដាតអូឡាំពិក ហើយទុកស្ដាតសម្រាប់ការហ្វឹកហាត់កីឡាផ្សេងៗ ដែលកម្ពុុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលគ្រោងនឹងរៀបចំសាងសង់នេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មជ្ឈមណ្ឌល នេះមានលក្ខណៈធំទូលាយ គ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥,០០០គ្រែ រួមទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។

នៅរាជធានីភ្នំពេញ មានការបិទមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយចំនួន ដោយសារឆ្លងរាលដាលនៃជំងឺមួយនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយប្រគល់ទីតាំងទាំងនោះ ទៅឱ្យក្រុមហ៊ុនឯកជនវិញ បន្ទាប់ពីរាជរដ្ឋាភិបាលខ្ចីប្រើប្រាស់ នាពេលកន្លងមក។ ប៉ុន្តែស្ដាតអូឡាំពិក នៅមិនទាន់បិទបញ្ចប់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅឡើយទេ។

ការណែនាំបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ហើយប្រកាសថ្ងៃនេះឆ្លងដូចជាត្រឹមតែ១២នាក់ អ្នកជំងឺរបស់យើងគឺនៅសល់តិចតួចទេ ប៉ុន្តែ យ៉ាងណាក៏ដោយ ស្រេង ត្រូវតែខិតខំធ្វើមន្ទីរពេទ្យឱ្យបាន ដើម្បីយើងយកអ្នកជំងឺទៅដាក់នៅមន្ទីរពេទ្យថ្មីរបស់យើង ហើយប្រគល់ស្តាតអូឡាំពិក ទៅសម្រាប់វិស័យកីឡាដែលត្រូវធ្វើការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ យើងត្រូវដំណើរការជាមួយក្រសួងសុខាភិបាលរៀបចំអគារសង្គ្រោះបន្ទាន់មួយ ត្រូវរៀបចំឱ្យមានចំនួនគ្រែសម្រាកព្យាបាលឱ្យច្រើនតែម្តង ពង្រឹងសមត្ថភាពព្យាបាល សង្គ្រោះហើយអ្នកដែលប្រើប្រាស់អុកស៊ីហ្សែនជាជំនួយក៏ត្រូវមានផ្នែករបស់វាប៉ុន្មានទៅ ហើយអ្នកដែលត្រូវបន្តទៀត ព្រោះទីតាំងដីដែលត្រូវសាងសង់មានទំហំជាង៦ហិចតា ដែលអាចដាក់ឱបករណ៍សម្ភារបានច្រើន»

ជុំវិញការពន្លឿនឱ្យសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ឱ្យបានឆាប់រហ័ស សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអ្នកពាក់ព័ន្ធត្រូវតែខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារនេះដោយមានភាពទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានលទ្ធផលតាមការគ្រោងទុក។

មិនត្រឹមតែណែនាំដល់រដ្ឋាភិបាលរាជធានីភ្នំពេញ ឱ្យសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ នេះនោះទេ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំឮកបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន អមជាមួយការចាក់វ៉ាក់សាំងដូសជំរុញ គឺត្រូវតែបន្តអនុវត្ត ហើយជំងឺកូវីដ១៩ វាមិនអាចសម្លាប់យើងបាននោះទេ បើយើងប្រុងប្រយ័ត្ន។

ជុំវិញស្ថានភាពមេរោគកូវីដ១៩ បំប្លែងថ្មី ឈ្មោ «អូមីក្រុង» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ម៉ោងមេរោគបំប្លែងថ្មីនេះអត់ទានស់សម្លាប់ប្រជាពលរដ្ឋណាម្នាក់នោះទេ ប៉ុន្តែ ការភ័យស្លោនស្លោរបស់អង្គការសុខភាពពិភពលោក ការភ័យស្លោនស្លោរបស់ប្រទេសមួយចំនួនហាក់ដូចជាជ្រួលហួសហេតុ។ ដូច្នេះ ការចាកស្រោចវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រការពារជីវិតពលរដ្ឋ និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន, លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេសទាំងពីរ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ បានចុះពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានឯកភាពទៅលើទីតាំង ដែលត្រូវសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងបានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរ ត្រូវសិក្សារៀបចំផែនការមេឱ្យបានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់បំពេញដីបន្ថែម និងត្រូវធានាការសាង់សង់ឱ្យបានរួចរាល់ ក្នុងរយៈពេលពី៦ ទៅ៨ខែ៕