(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រការពារអាយុជីវិតប្រជាពលរដ្ឋ និងជាយុទ្ធសាស្ត្រស្រោចស្រង់សេដ្ឋកិច្ចសង្គមដែលបានបាត់បង់ឡើងវិញ។

បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ក៏នៅតែបន្តវិវឌ្ឍយ៉ាងលឿន ជាពិសេសតាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ១៩ថ្មី (វីរុសបំប្លែងថ្មី) ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស។ ក្នុងបរិការណ៍ដែលការព្យាបាលតាមបែបវេជ្ជសាស្ត្រនៅមិនទាន់មានភាពប្រាកដប្រជា ប្រទេសជាច្រើនបានប្រើប្រាស់វិធានការសុខាភិបាល
និងរដ្ឋបាលនានា រួមទាំងការបិទខ្ទប់តំបន់ ឬប្រទេសទាំងមូលជាច្រើនលើកច្រើនសារ។ វិធានការទាំងនេះបានចូលរួមចំណែកកាត់បន្ថយការឆ្លងរីករាលដាល និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ តែបានបង្កើតជាសម្ពាធសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ លើប្រទេសទាំងនោះ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់បប្រទេសកម្ពុជា ការអនុវត្តវិធានការ «៣ការពារ និង៣កុំ» គឺនៅតែអនុវត្តបន្តបូករួមទាំងការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដោយបានអនុវត្តបានយ៉ាងល្អទៅតាមការកំណត់របស់គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស។ ខណៈបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់ ព្រមទាំងបន្តដំណើរចាក់វ៉ាក់សាំងនេះបន្ថែមទៀត ជាមួយនឹងមូលដ្ឋានផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមចាំកូវីដ អាចសម្លាប់មនុស្សរាប់រយ រាប់ពាន់ ហើយបើវិលត្រឡប់វាអាចរាប់ម៉ឺន ប៉ុន្តែ វាមិនអាចសម្លាប់អស់មនុស្ស លើលោកទេ...! កម្ពុជាយើងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២,៩៧១នាក់ ក៏ប៉ុន្តែ វានឹងគ្រោះថ្នាក់ជាងនេះទៀត បើសិនជាសេដ្ឋកិច្ចរបស់យើងវាផ្ទុះឡើង មនុស្សទាំង១៦លាននាក់ នឹងរងផលប៉ះពាល់ទាំងអស់។

ដូច្នេះ ត្រូវស្វែងរកឱ្យឃើញនូវតុល្យភាពម្ខាងសុខភាពសាធារណៈ និងម្ខាងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ដែលយើងប្រឹងចាក់វ៉ាក់សាំងស្រោច គឺដើម្បីការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ដែលយើងបានបាត់បង់ហើយកុំឱ្យធ្លាក់ទៅក្នុងស្ថានភាពនៃការវ៉ៃប្រហារ ពីសេដ្ឋកិច្ចដែលនាំទៅដល់ការប៉ះពាល់សូម្បីតែកូននៅក្នុងផ្ទៃក៏រងផលប៉ះពាល់ដែល...!»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលម្ពុជា បានបន្តថា បើទោះជាក្រោយស្ថានភាពរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា មានការថយចុះក៏ពិតមែន ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅមានកំណើនយឺត បើប្រៀបធៀបកាលពីមុនក៏ពិតមែន ប៉ុន្តែ យើងត្រូវខិតខំធ្វើឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញ ខណៈការងារធ្វើរបស់កម្មករ កម្មការិនី ប្រជាជន មន្ត្រីរាជការ បានងើបឡើងវិញផងដែរ។

«គ្រាប់បែកអាចបំផ្លាញបានផ្ទះមួយ អាចបំផ្លាញបានភូមិមួយ នឹងគ្រាប់បែកសម្រាប់ការវ៉ៃប្រហារ ប៉ុន្តែ បើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ គឺវាបំផ្លាញប្រទេសទាំងមូល សូម្បីតែក្មេងមិនដឹងអីក៏វារងគ្រោះ ទឹកដោះគោឡើងថ្លៃ ស្អីៗឡើងថ្លៃ អញ្ចឹងទេបានជាយើងម្ខាងសុខភាពសាធារណៈ និងម្ខាងគឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញប្រាក់រៀលរបស់យើង»។ នេះជាលើកឡើងបន្ថែម របស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,១៨៩,៦៤៣នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១១២,៨៣៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៦,៦៨៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៨៧,៣៦១នាក់
៤៖ អាយុ៥ឆ្នាំ ២៨២,៧៥៦នាក់៕