(បន្ទាយមានជ័យ)៖ យុវជនម្នាក់ត្រូវបានក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ ព្រួតគ្នាវាយ​យ៉ាងដំណំ បណ្ដាលឱ្យរងរបួស​យ៉ាងខ្លាំងរហូតសន្លប់ ខណៈដែលកំពុង​ឈរមើលគេលេង​ទាញព្រ័ត្រ​ក្នុងវត្ត​ពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ ពោលសមត្ថកិច្ច​មិនទាន់ចាប់ខ្លួន​ក្រុមជនបង្ក បើទោះបីបានដាក់​ពាក្យបណ្តឹង នៅកាន់ប៉ុស្តិ៍​នគរបាល​នៅយប់ថ្ងៃដដែលនោះ។

លោក ស៊ុន ថៃ ដែលត្រូវជាពូរបស់យុវជនរងគ្រោះ បានប្រាប់ Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះថា ក្មួយប្រុសរបស់គាត់ឈ្មោះ ហឿន សុខដែន អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយនៅពេលនេះបាននៅផ្ទះជាមួយគាត់នាខេត្តសៀមរាប ក្រោយព្យាបាលរួច។ លោក ស៊ុន ថៃ បានបន្តថា នៅថ្ងៃកើតហេតុនោះ ខណៈដែលក្មួយ​ប្រុស​របស់​គាត់ កំពុងឈរមើលគេលេងទាញព្រ័ត្រសុខៗ ស្រាប់តែមានពួកក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ បាននាំគ្នាមកវាយនឹងដៃ និងប្រើដុំឥដ្ឋ បានបណ្ដាលឱ្យក្មួយប្រុស បែកក្បាល​ហូរឈាម​រហាម និងរហូតដល់សន្លប់បាត់ស្មារតី ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលទៅលេងក្នុងវត្ត ទាំងគ្រហ័ស្ត ទាំងព្រះសង្ឃ។

បន្ទាប់ពីកើតហេតុលោក ស៊ុន ថៃ បាននាំយកក្មួយរបស់គាត់​ទៅមន្ទីរពេទ្យ​ជាបន្ទាន់ផងដែរ ហើយនៅវេលាប្រហែលម៉ោង៩៖០០យប់ លោកបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលឃុំពន្លៃ ដើម្បីឱ្យនគរបាលតាមចាប់ក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ បន្តែរហូត​មកទល់ពេលនេះនៅតែមិនទាន់ដឹងថា យ៉ាងណានោះទេ។ លោក ស៊ុន ថៃ បានបន្តទៀតថា ក្នុងនាមលោកជាឪពុកមារបស់យុវជនរងគ្រោះ លោកចង់ឲ្យសមត្ថកិច្ចនគរបាល សូមឱ្យជួយពន្លឿន​ធ្វើយ៉ាងណាតាមចាប់ក្រុមក្មេងស្ទាវទាំងនោះ យកមកផ្ដន្ទាទោសឱ្យបានឆាប់ៗ៕