(ភ្នំពេញ)៖ លោក​ ដួង តារា ប្រធានក្រុមការងារ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានសុំឲ្យកាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ កែតម្រូវអត្តបទរបស់ខ្លួនមួយ ដែលមានចំណងជើងថា «លោក ហ៊ុន សែន ប្រកាសខ្លួនឯងជា អធិរាជ ហ្វេសប៊ុក» ព្រោះថា សម្តេចតេជោ មិនបាននិយាថា «ខ្ញុំជាអធិរាជ Facebook ទេ»

លិខិតរបស់ប្រធានក្រុមការងារ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ជាភាសាខ្មែរ ដែលសរសេរដោយ លោក វង្ស សុខេង បាននិយាយថា “លោក ហ៊ុន សែន ប្រកាស ខ្លួនឯងជា “អធិរាជ ហ្វេសប៊ុក” ដែលនេះជាការសរសេរបំភ្លៃគ្មានការពិត និងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈ ហើយដែលត្រូវតែកែតម្រូវជាបន្ទាន់។

ព្រោះថា សម្តេចតេជោ មិនបាននិយាថា ខ្ញុំជាអធិរាជ Facebook ទេ។ ការពិតគឺ សម្តេចតេជោ មិនដែលតាំងខ្លួនឯងជាស្តេច ឬជាអធិរាជ Facebook ម្តងណាឡើយ។ គឺមានតែមេដឹកនាំគណបក្សប្រឆាំងមួយប៉ុណ្ណោះ ដែលធ្លាប់បានតាំងខ្លួនជាអធិរាជ Facebook នៅពេលដែល ចំនួនអ្នកគាំទ្រ Likes កើនលើស Facebook សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៥»

នៅក្នុងលិខិតរបស់លោក ដួង តារា នោះបានសរសេរដកស្រង់ប្រសាសន៍សម្តេចតេជោ យ៉ាងដូច្នេះថា៖ «សម្តេចបានមាន ប្រសាសន៍ថា អ្នកនយោបាយខ្លះគេលេង មិនថាចូលឆ្នាំឬមិនចូលឆ្នាំទេគេជេរងាប់ ប៉ុន្តែមានរឿងមួយមើល ពិភពលោកបើគេ Like Page មួយស្រាប់តែមកចូលក្នុង Page ខ្ញុំ វាទៅជាអ្ចឹងទៅ …ទៅរួច…លេង Facebook ចាញ់ខ្ញុំ ..ខ្ញុំបាន ៣លាន៨សែន Likes… បើល្ងង់ណាស់ មកសួរ ហ៊ុន សែន វិញ អធិរាជ Facebook! (គឺសំដៅលើមេដឹកនាំបក្សប្រឆាំង)»

ខាងក្រោមនេះជាលិខិត សុំកែតម្រូវរបស់ប្រធានក្រុមការងារ Facebook សម្តេចតេជោ៖