(​រ៉ង់​ហ្គូ​ន​)៖ យ៉ាងហោច​ណាស់​មនុស្ស​ជាង ២០​នាក់​បាន​ស្លាប់ និង ៤០​នាក់​ទៀត​បាត់​ខ្លួន បន្ទាប់​ពី ទូក​បំពាក់​ម៉ាស៊ីន​មួយ​គ្រឿង​បាន​លិច​នៅ​ដង​ទន្លេ​មួយ​ក្នុង​តំបន់ Sittway នៃ​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​។​

​សម្រាប់​ទូក​ខាងលើ​នេះ​ដែរ គឺជា​ទូក​ដឹក​ជនភៀសខ្លួន​ប្រមាណ​ជាង ១០០​នាក់ ទៅកាន់​ជម្រក​បណ្តោះ អាសន្ន​មួយ​ក្នុង​តំបន់ Sittway ដោយ​វា​បាន​ចាកចេញ​ពី​ជុំ​រុំ Pauktaw បន្ទាប់​ពី ជនភៀសខ្លួន​បាន ទទួល​ជំនួយ​ស្បៀងអាហារ​រួចរាល់​។​

​រហូតមកដល់​ពេលនេះ អាជ្ញាធរ​មី​យ៉ាន់​ម៉ា កំពុង​តែ​ព្យាយាម​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅឡើយ បន្ទាប់​ពី​ទូក​លិច​កាលពី​ថ្ងៃ​អង្គារ ហើយ​ចំនួន​មនុស្ស​ស្លាប់​ទំនងជា​នឹង​កើនឡើង​ច្រើន​ជាង​នេះ​ទៀត ដោយសារ​តែ​អ្នក​បាត់​ខ្លួន ៤០​នាក់​នោះ មួយថ្ងៃ​ទៅ​ហើយ​នៅ​មិនទាន់​ត្រូវបាន​រកឃើញ​នៅ​ឡើយ​ទេ​៕​