(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ប្រកាសថា លោកនឹងចូលខ្លួនទៅបំភ្លឺសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងដំណើររឿង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិត។

តាមសេចក្តីប្រកាសសហភាពចលនាកម្មករកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ, លោក ប៉ាវ ស៊ីណា បានប្រាប់ដល់អ្នក សារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អញ្ជើញចូលរួមឃ្លាំមើល និងចុះយកព័ត៌មានជុំវិញដំណើររឿងនេះតាមការគួរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ ត្រូវបានតុលាការ ចេញដីកាកោះហៅ ជាលើកទី២ តាមដីកាកោះរបស់ព្រះរាជជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ខាំ សុផារី ឱ្យទៅបំភ្លឺពីបទ «ក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត តាមបណ្តឹងរបស់ឈ្មោះ គង់ សុភ័ក្រ្ត»៕