(រុស្ស៊ី)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រធានសភាអាស៊ី-អឺរ៉ុប នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយមានប្រធានស្ថាប័ននីតិប្បញ្ញតិ្ត មកពីតំបន់អាស៊ី និងអឺរ៉ុប ចំនួន១៩ ប្រទេសចូលរួម។

នេះជាកិច្ចប្រជុំលើកដំបូង របស់ថ្នាក់ដឹកនាំសភាតំបន់ទំាងពីរ ក្រោមការផ្តួចផ្តើមរបស់សភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័នសភាទំាងពីរតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ក្នុងកិច្ចប្រជុំនោះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីសារសំខាន់នៃកិច្ចប្រជុំនេះ ដោយសម្តេចបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូង ដែលថ្នាក់ដឹកនាំសភាពីតំបន់អាស៊ី និងអឺរ៉ុប បានអង្គុយពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរយោបល់ ទស្សនៈ ក្នុងគោលបំណងបង្កើតនូវយន្តការ សហប្រតិបត្តិការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ សំដៅពង្រឹង និងពង្រីកភាពជាដៃគូ លើកស្ទួយស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចការពារបរិស្ថាន របស់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ Facebook Page រដ្ឋសភានៃកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការរួម និងភាពជាដៃគូរ ជាកត្តាសំខាន់ និងចាំបាច់ក្នុងការដោះស្រាយ បញ្ហារួមនៃតំបន់ទាំងពីរ ពីព្រោះនៅពេលមានយន្តការ សហប្រតិបត្តិការរួម វានឹងជួយអោយតំបន់ទាំងពីរកាន់តែខិតជិតគ្នា និងមានសក្តានុពលកាន់តែខ្លាំង ដែលធានាបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព មានការផ្លាស់ប្តូរ ស្វែងយល់ពីវប្បធម៌ រវាងប្រជាជន និងអំណោយផលដល់កិច្ចការពារបរិស្ថាន»។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃប្រធានសភាតំបន់អាស៊ី-អឺរុប នាពេលនេះ ក្រោមប្រធានបទ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីភាពរុងរឿងរបស់ប្រទេសអាស៊ី-អឺរ៉ុប នាសតវត្សរ៍ទី២១ ដោយផ្តោតការពិភាក្សា ទៅលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។

លោក សើហ្គេ ណារីសស្គីន ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងលោក ជុង អ៊ុយវ៉ា ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ជាអ្នកដឹកនាំកិច្ចប្រជុំ ដោយមានប្រតិភូសភា ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ មកពីប្រទេសចំនួន១៩ បានចូលរួម ។ កិច្ចប្រជុំបានពិភាក្សា និងបានឯកភាពទស្សនៈរួម លើអនាគតនៃតំបន់អាស៊ី និងអឺរ៉ុប ដោយធ្វើយ៉ាងណាត្រូវជំរុញការពារសន្តិភាព យុត្តិធម៌សង្គម កិច្ចសហប្រតិបត្តិការ ការផ្តល់តម្លៃ ការផ្តល់កាលានុវត្តភាពស្មើៗគ្នា ជាមួយនឹងសិទ្ធិសេរីភាព សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងការផ្តល់ទស្សនៈរួមពាក់ព័ន្ធគោលបំណង និងគោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។

កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៩ និង២០ មេសានេះ ក៏បានលើកឡើងពីសារៈសំខាន់នៃតំបន់អាស៊ី និងអឺរ៉ុប សម្រាប់ការងារ ពាណិជ្ជកម្ម គឺអាស៊ីនិងអឺរ៉ុបជាប៉ូល សុខដុមនីយកម្មពិភពលោក ជាពិសេសអំពីសារៈសំខាន់ និងផលប្រយោជន៍នៃស្ថាប័ននីតិប្បញ្ញត្តិក្នុង ការពិភាក្សាសម្រាប់លើកកំពស់កិច្ចសហប្រតិបត្តិការ ពហុភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ច្បាប់ និងមនុស្សធម៌ កិច្ចការពារ បរិស្ថាន។

ក្រៅពីនេះ នៅមានបញ្ហាជាច្រើនទៀត ដែលកិច្ចប្រជុំបានលើកមកពិភាក្សាផងដែរ ក្នុងនោះ បានយកចិត្តទុកដាក់ចំពោះការគំាទ្រ លើការងារច្បាប់ ដោយបង្កើតជាទម្រង់ ការងារនីតិកម្មទាក់ទងនឹង តម្រូវការសេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និងវប្បធម៌ក្នុងចំណោម ប្រទសក្នុងតំបន់ទាំងពីរ និងការផ្តោតលើការការពារអ្នកវិនិយោគទៅវិញទៅមក ការចល័តទំនិញ តាមព្រំដែន ទំនើបកម្មបច្ចេកទេស តាមស្តង់ដារ និងសម្របសម្រួលឲ្យមានសេវាកម្មទីផ្សារ ពីគ្នាទៅវិញទៅមក ។

អង្គប្រជុំបានផ្តល់សារៈសំខាន់ នៃការជួយគ្នាទៅវិញទៅមក លើការត្រួតពិនិត្យការអនុវត្តកម្មវិធីសហប្រតិបត្តិការគម្រោង សេចក្តីសម្រេច កិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នាកន្លងមក និង ពង្រឹងក្រុមមិត្តភាពសភា និងលេខាធិការដ្ឋានសភាប្រទេសក្នុងតំបន់អាស៊ី និងអឺរុប ផងដែរ៕