(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាល និងប្រជាជនចិន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយឧបត្ថម្ភ និងគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា។

លោករដ្ឋមន្ដី្រ បានលើកឡើងបែននេះ ក្នុងកម្មវិធី បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាលោក SONG XIAO GUO នាទីស្ដីការក្រសួងសុខាភិបាល។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ក្នុងនោះលោក SONG XIAO GUO បានមានស្នាដៃក្នុងកិច្ចសហប្រតិបត្ដិការ ជួយសម្រួលជំនួយឥតសំណង ពីរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋ ប្រជាមានិតចិន ដែលជួយដល់ក្រសួងសុខាភិបាលជាច្រើនរួមមាន រថយន្ដគិលានសង្គ្រោះ ២០០គ្រឿង, ម៉ាស៊ីនអេកូសាស្ដ្រ២០០គ្រឿង, គម្រោងកសាងអគារមន្ទីរពេទ្យ ខេត្ដត្បូងឃ្មុំ និងអគារមន្ទីរពេទ្យព្រះកុសមៈ។

លោកបន្ថែមថា «ការខិតខំប្រឹងប្រែង របស់លោក SONG XIAO GUO គឺជាគុណបំណាច់យ៉ាងធំធេង និងជាគុណប្រយោជន៍ដល់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ»។

លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ក្រោមការជួយឧបត្ថម្ភ និងគាំទ្រនេះ បានបញ្ជាក់ពីសក្ខីភាពនូវចំណងមិត្ដភាព សាមគ្គីភាពដ៏រឹងមាំ នៃប្រជាជនទាំងពីរ កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈផងដែរ៕