(កំពង់ឆ្នាំង)៖ លោក លុយ ឌីណា នាយការិយាល័យពន្លត់អគ្គិភ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់ Fresh News ថា គិតត្រឹមម៉ោង៥៖៥៥នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវទៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានរលត់ហើយ ដោយបំផ្លាញអស់១២ខ្នង។ លោក លុយ ឌីណា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅខាងលើនេះ សមត្ថកិច្ចរបស់លោកបានប្រើទឹកអស់ជាង៤០រថយន្ត។

សម្រាប់មូលហេតុវិញ ត្រូវបានលោក លុយ ឌីណា បញ្ជាក់ថា បណ្តាលមកពីឆេះរោងឆ្អើត្រីរួចហើយរីករាលដាលទៅកាន់ផ្ទះតែម្តង។ ដោយឡែក ទំហំទឹកប្រាក់ដែលត្រូវខាតបង់វិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់នៅឡើយទេ ខណៈកំពុងចុះសួរនាំសិន៕