(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ រួមទាំងសមាជិករបស់លោក៣រូបទៀត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ នៅតុលាការ នៅសប្តាហ៍ក្រោយនេះ។

ការកោះហៅនេះ ធ្វើឡើងតាមបណ្តឹងរបស់ លោក អ៊ុង ចាន់ណារិទ្ធ ប្រធានផ្នែកកតិយុត្តិ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងបិទផ្លូវសាធារណៈ។

តាមដីកាកោះហៅដាច់ដោយឡែកពីគ្នា របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ស្រី ម៉ាកនី បានឱ្យដឹងថា លោក ប៉ាវ ស៊ីណា និង លោក ស៊ុត ចិត្រ ត្រូវតុលាការកោះឱ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ។ ចំណែក ឈ្មោះ ទុយ វ៉ាង និង ម៉ាន់ សាបាន ត្រូវតុលាការកោះហៅ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

សូមជំរាបថា លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ក៏ត្រូវបានតុលាការក្រុងភ្នំពេញ កោះហៅឱ្យចូលបំភ្លឺសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះផងដែរ ពាក់ព័ន្ធនឹងដំណើររឿង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិត។ តាមសេចក្តីប្រកាសសហភាពចលនាកម្មករកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា លោក ប៉ាវ ស៊ីណា នឹងចូលបំភ្លឺតាមការកោះហៅនេះផងដែរ៕