(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី អមដំណើរដោយលោក លី សារី អនុប្រធានអចិន្ត្រៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះថ្មី១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារក្រីក្រ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះលោក អ៊ុ រាត្រី បានលើកឡើងថា ផ្ទះថ្មីនៅចំពោះមុខនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៧ហើយ សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យ ហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយ រងគ្រោះបានមួយកម្រិត ហើយពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។

លោក អ៊ុ រាត្រី បញ្ជាក់ថា អំណោយផ្ទះ១ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានសាងសង់រួចជាស្ថាពរ និងប្រគល់ជូនគ្រួសារក្រីក្រពិតប្រកដមានឈ្មោះ ធិប ឡោម អាយុ៥៣ ឆ្នាំរស់នៅភូមិ បន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដែលផ្ទះទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ISI ប្រក់សង័្កសី ជញ្ជាំងសង្ក័សី បាតចាក់ស៊ីម៉ង់សង់ផ្ទាល់ដី ក្រោមជំនួយឧបត្ថម្ភថវិកាកាកបាទក្រហមកម្ពុជា ខេត្ត ដែលបានចំណាយថវិការអស់ប្រមាណជាង ២៣៩,០១០ដុល្លា (មូលនិធិសាខា១០០%)។

ក្នុងឱកាសនោះលោក អ៊ុ រាត្រី និងលោកស្រី ព្រមទាំងក្រុមការងារបានផ្តល់អំណោយឧបត្ថម្ភជូនគ្រួសារទទួលផ្ទះ រួមមាន៖ អង្ករ៥០ គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី១កេសតូច, ទឹកស៊ីអ៊ី ៦ដប, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត៥, ធុងទឹកជ័រចំណុះ ៦០លីត្រ១, ប្លាស្ទីក ១ផ្ទាំង, កន្ទេលជ័រ១, ឆ្នាំង២ ,ចានបាយ៥ និងស្លាបព្រាដែក៥ ផងដែរ៕