(ស្វាយរៀង)៖ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានស្នើឱសថការីទាំងអស់ត្រូវតែចូលរួមវគ្គផ្សព្វផ្សាយបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីទទួលបានចំណេះដឹង កាន់តែទូលំទូលាយ និងរករបបគំហើញថ្មីៗនៃឱសថ ព្រោះឱសថខ្លះដែលធ្លាប់តែព្យាបាលជំងឺផ្សេងគេអាចយកទៅព្យាបាលជំងឺកូវីដ១៩បាន ដូច្នេះវិទ្យាសាស្ដ្រមានការប្រែប្រួលខ្លាំងណាស់ឱសថការីទាំងអស់ ត្រូវតែធ្វើបច្ចុប្បន្នភាព បន្ថែមទៀតក្នុងការអនុវត្តការងារឲ្យបានទទួលបានលទ្ធផលល្អ។

នៅក្នុងឱកាសនេះលោក បាន បុត្តា បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់ក្រុមប្រឹក្សា គណៈឱសថការីជាតិអាណត្តិទី២ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីលោកពីលោក អៀ ច័ន្ទនិមល ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង និងឱសថការីជាច្រើននាក់ផងដែរ។

លោកបានបន្តថា គណៈឱសថការីខេត្ត ត្រូវតែពង្រឹងនៅតាមឱសថស្ថាននានាក្នុងខេត្ត ដើម្បីឱ្យការអនុវត្តប្រើប្រាស់ ឱសថមានប្រសិទ្ធភាព និងជំរុញឲ្យពួកគាត់ត្រូវសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវព្រោះរយៈកាលកន្លងមក មានឱសថ ការីខ្លះបានចាកចេញទៅក្រៅប្រទេសហើយប៉ុន្តែនៅតែឈរឈ្មោះឱ្យឪសថស្ថានមួយចំនួនបើកអាជីវកម្មលក់ឪសថ ជាធម្មតា ដូច្នេះគណៈឪសថការីខេត្តត្រូវតែចុះស្រាវជ្រាវ និងមិនត្រូវផ្តល់អាជ្ញាប័ណ្ណឲ្យទៀតនោះទេ។

លោក បាន បុត្តា បានក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានត្រូវពង្រឹងក្រមសីលធម៌របស់ខ្លួនឯងឲ្យបានល្អ ព្រោះក្រមសីលធម៌ គឺជាត្រីវិស័យសម្រាប់ដាស់តឿនការអនុវត្តតួនាទីវិជ្ជាជីវៈរបស់ខ្លួន កុំឱ្យខុសច្បាប់។ ព្រមទាំងត្រូវពង្រឹងការសាមគ្គីភាព និងដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើងពាក់ពន្ធ័ និងការប្រកប វិជ្ជាជីវៈ។

លោកឱសថការី បាន បុត្តា ក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា សមាជិកឱសថការីទាំងអស់នឹងចូលរួម ពិភាក្សាផ្តល់គំនិតយោបល់ល្អៗ និងចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកប្រកបដោយភាពស្និទស្នាល និង សំដៅលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវក្នុងពេលអនុវត្ត ការងារឲ្យកាន់តែទទួល បានលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅផងដែរ។

បើតាមលោក អៀ ច័ន្ទនិមល ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងបានថ្លែងបញ្ជាក់ថាខេត្តស្វាយរៀងមាន ស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែកខេត្ត១ មន្ទីរពេទ្យបង្អែកស្រុក៤ និងមណ្ឌលសុខភាពចំនួន៤៣ ប៉ុស្តិ៍សុខភាព២ និងមានគ្រែសរុប៣៩១ មន្ត្រីសុខាភិបាលកំពុងបម្រើការងារសរុប៦៨៤នាក់។

លោកបានបន្ថែមថា ឆ្លើយតបទៅនឹងចក្ខុវិស័យប្រកបដោយសក្តានុពលនៃការផ្ដល់សេវាសុខាភិបាល បានល្អមិនពឹងផ្អែក ទៅលើការព្យាបាល ប៉ុណ្ណោះទេ ប៉ុន្តែការងារគ្រប់គ្រងឱសថបរិក្ខារពេទ្យក៏បានដើរតួជាដៃគូយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យការផ្ដល់សេវាកាន់តែមានភាពល្អប្រសើរផងដែរ។ ការកសាងសមត្ថភាពរបស់មន្ត្រីរាជការតាមរយៈការបណ្ដុះបណ្ដាលបន្ថែម គឺជាការងារមួយចាំបាច់សម្រាប់លើកកម្ពស់ គុណភាពមន្ត្រីសុខាភិបាលដើម្បី រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈការផ្ដល់សេវាថែទាំសុខភាពនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបច្ចុប្បន្នការគ្រប់គ្រងឱសថនៅតាមសេវាសុខាភិបាលសាធារណៈក្នុងខេត្តស្វាយរៀងក៏នៅមានការខ្វះខាតផងដែរ។

បន្ថែមពីនេះទៀត សម្រាប់ខេត្តស្វាយរៀងការងារសេវាសុខាភិបាលឯកជនផ្នែកឱសថសាស្ត្រ មានឱសថស្ថានសរុបមានចំនួន ៤៦កន្លែង ក្នុងនោះមានឱសថស្ថានចំនួន ៣៦តម្លៃឱសថស្ថានរងមាន ១០កន្លែង៕