(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ លើកទី១៦ នៅស្រុកជើងព្រៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងខេត្តកំពង់ចាម រយៈពេល១១ ខែឆ្នាំ២០២១ មានចំនួន១៤៦លើក ថយចុះ២៩លើក, បណ្ដាលឲ្យស្លាប់ចំនួន ៩៧នាក់, របួសធ្ងន់ ចំនួន៩៥នាក់, របួសស្រាល ចំនួន៧២នាក់ សរុបជនរងគ្រោះ ចំនួន២៦៩នាក់។ ក្នុងនោះអ្នកមិនបានពាក់មួកសុវត្ថិភាព ចំនួន១៣៤នាក់, អ្នកបើកបរ ចំនួន៩៣នាក់ អ្នករួមដំណើរ ចំនួន៤១នាក់។ ជាមួយគ្នានេះ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមានដូចជា រថយន្តចំនួន២៥គ្រឿង, ម៉ូតូចំនួន៣៨គ្រឿង និងយាន្តផ្សេងៗចំនួន៥គ្រឿង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាកំណើតមធ្យោបាយយានយន្ត, ការនិយមប្រើប្រាស់មធ្យោបាយយាន្តជំនិះផ្ទាល់ខ្លួន ច្រើនជាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ, ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ លក្ខណៈបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាគួបផ្សំមួយចំនួនទៀត ដែលបង្កជាបញ្ហាប្រឈម ការកកស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសតាមបណ្ដោយផ្លូវជាតិសំខាន់ៗឆ្លងកាត់ បណ្ដាខេត្តនានា ដែលបញ្ហានេះក្លាយជាក្តីព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះដែរ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានសហការចុះត្រួតពិនិត្យអ្នកបើកបរ មធ្យោបាយគ្រប់ប្រភេទ និងបានធ្វើការអប់រំអ្នកបើកបរ ឲ្យយល់អំពីច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ចាម បានចំនួន៥,៤៤១នាក់ ក្នុងនោះអ្នកបើកបររថយន្តមាន ចំនួន៤៦២នាក់ និងអ្នកបើកបរម៉ូតូចំនួន៤,៩៦៩នាក់៕