(ភ្នំពេញ)៖ នារីស្រស់សោភាម្នាក់វ័យ២៥ឆ្នាំ ឈ្មោះ ណាន ទុំ បានបាត់ចេញពីផ្ទះជាង៤ខែ ពោលតាំងពីអំឡុងខែសីហា ឆ្នាំ២០២១ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ខណៈក្រុមគ្រួសារកំពុងខិតខំប្រឹងប្រែងស្វែងរកគ្រប់ច្រកល្ហក់ តែមិនទាន់បានទទួលដំណឹងនៅឡើយ។

អ្នកនាង ណាន ចន្ទី ដែលត្រូវជាបងស្រីបង្កើនរបស់ នារី ណាន ទុំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្អូនស្រីខ្លួនបានបាត់ចេញពីផ្ទះ នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីអំឡុងខែសីហា ឆ្នាំ២០២១កន្លងទៅ ហើយមកទល់ពេលនេះគ្មានដំណឹងឆ្លើយតបទាល់តែសោះ ហើយក៏មិនដឹងថា ប្អូនស្រីរបស់គាត់ទៅដល់ទីណានោះទេ។

ក្រុមគ្រួសារនារីខាងលើ បានរៀបរាប់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅ នារី ណាន ទុំ បានប្រាប់គ្រួសារថា សុំមកលេងនៅភ្នំពេញ ដោយចេញពីផ្ទះនៅស្រុកស្ទោង ខេត្តកំពង់ធំ ហើយក្រោយមកក៏មិនដែលទាក់ទងទៅក្រុមគ្រួសារ ខណៈក្រុមគ្រួសារក៏មិនអាចទាក់ទងនាងបានដូចគ្នា។

អ្នកនាង ណាន ចន្ទី បានអះអាងថា ដោយក្ដីបារម្ភពីសុវត្ថិភាពប្អូនស្រីរបស់ខ្លួន គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយស្វែងរួចរាល់ហើយ។ បន្ថែមពីនេះ ក្រុមគ្រួសារ ក៏បានព្យាយាមសាកសួរទៅមិត្តភ័ក្ររបស់នារី ណាន ទុំ ដែរ ប៉ុន្ដែសុទ្ធតែមិនដឹងដំណឹងដូចគ្នា។

ក្រុមគ្រួសារនាង ណាន ទុំ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើប្រទះឃើញនារីដែលមានភិនភាគដូចរូបខាងក្រោម
សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 097 6373296 ដែលជាលេខរបស់បងស្រីបង្កើតឈ្មោះ ណាន ចន្ទី៕