(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សារជាទស្សនទាននយោបាយសម្រាប់ការដឹកនាំជាតិថា ធ្វើអ្វីក៏ដោយត្រូវគ្រប់គ្រង និងក្តាប់ឱ្យជាប់នូវទស្សនៈស្តីពីឯករាជ្យ និងអធិបតេយ្យជាតិ ដោយមិនត្រូវយកទៅដោះដូរនឹងជំនួយ ឬការអត់ឱនពីបរទេសណាមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងប្រសាសន៍ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល អគារសាលាគយ និងអគារសារៈមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការផ្តួចផ្តើមគំនិតរបស់បរទេសឱ្យសម្តេចលក់ស្ថាប័នគយ កាលពីអំឡុងឆ្នាំ២០០៤។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការលក់ស្ថាប័យគយ គឺស្មើនឹងលក់អធិបតេយ្យជាតិ ជាហេតុនាំឱ្យសម្តេចប្រកែកដាច់អហង្ការចំពោះការផ្តល់គំនិតនេះ។

សម្តេចតេជោ បានលើកឡើងថា បើពេលនោះសម្តេចធ្វើតាមការណែនាំរបស់ជនបរទេស នឹងធ្វើចំណូលពន្ធគយនឹងត្រូវធ្លាក់លើដៃបរទេសរហូតដល់ទៅ ៥០ភាគរយ។

សម្តេចតេជោ បានចាត់ទុកការមិនលក់ស្ថាប័នគយទៅឱ្យបរទេស ឬវិស័យឯកជនតាមការណែនាំរបស់បរទេសកាលពីអំឡុងពេលនោះ គឺជាការសម្រេចិត្តមួយដ៏ត្រឹមត្រូវបំផុតសម្រាប់ជាប្រយោជន៍ជាតិ។ បើតាមសម្តេចតេជោ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ក៏ដោយសារការឈរលើទស្សនទានស្តីពីឯករាជ្យ និងអធិបតេយ្យជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីទស្សនទានលើការដឹកនាំក្នុងការការពារឯករាជ្យ និងអធិបតេយ្យជាតិបែបនេះថា «ធ្វើអ្វីក៏ដោយត្រូវគ្រប់គ្រង និងក្តាប់ឱ្យជាប់នូវទស្សនៈស្តីពីឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវឱនក្បាល យកក្បាលយើងទៅដោះដូរជាមួយជំនួយ ឬការអត់ឱនពីបរទេសណាទាំងអស់»

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរមួយរូបតែងតែប្រកាសការពារនូវអធិបតេយ្យភាព និងឯករាជ្យរបស់ជាតិកម្ពុជាយ៉ាងមុតមាំបំផុត ហើយតែងប្រឆាំងដាច់ខាតរាល់សំណើទាំងឡាយរបស់បរទេស ដើម្បីដោះដូរលើបញ្ហាណាមួយ ដែលនាំឱ្យប៉ះពាល់អធិបតេយ្យរបស់ជាតិ។

ជាក់ស្តែងក្នុងពេលសហភាពអឺរ៉ុបប្រកាសយកពន្ធលើទំនិញរបស់កម្ពុជាប្រមាណជា ២០ភាគរយ នៃទំនិញដែលនាំចូលទៅសហភាពអឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដោយម៉ឺងម៉ាត់ផងដែរពីការការពារធិបតេយ្យជាតិ ហើយព្រមធ្វើតាមអ្វីដែលសហភាពអឺរ៉ុបបានកំណត់លើទំនិញរបស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការយល់ព្រមធ្វើអ្វីមួយតាមសំណើរបស់បរទេស មិនត្រឹមតែធ្វើឱ្យបាត់បង់នូវអធិបតេយ្យជាតិប៉ុណ្ណោះទេ តែវានឹងក្លាយទៅជាមិនទម្លាប់មិនល្អផងដែរ ពោលនៅពេលបរទេសមិនពេញចិត្តអ្វីមួយ គឺគេតែងតែព្រមានធ្វើអ៊ីចេះ ឬអ៊ីចុះ ដើម្បីជាការសង្កត់ និងបង្ខំឱ្យធ្វើតាមអ្វីដែលគេចង់បាន៕