(ភ្នំពេញ)៖ មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជក់ឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា សាលារាជធានីភ្នំពេញ កំពុងពន្លឿន ការស្ថាបនាផ្លូវ ប្រវែង៦គីឡូម៉ែត្រ ចាប់ពីគល់ស្ពានជ្រោយចង្វារ ស្របផ្លូវជាតិ៦A (ចម្ងាយពីអក្សផ្លូវជាតិ៦A ១០០ម៉េត្រ) រហូតដល់ផ្លូវសម្តេច ជា ស៊ីម ដែលមានទំហំ១៥ម៉ែត្រ ធ្វើយ៉ាងណាឲ្យរួចរាល់ មុនរដូវវស្សាមកដល់។

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ការស្ថាបនាផ្លូវជាង៦គីឡូម៉ែត្រនេះ ក៏មានការរៀបចំដាក់លូ ការពារការជន់លិចទឹក នៅតាមផ្លូវជាតិ៦A ក៏ដូចជាលំនៅឋានរបស់ប្រជាពលរដ្ឋ ស្របតាមផ្លូវជាតិ៦Aផងដែរ ព្រោះនៅពេលភ្លៀងធ្លាក់ខ្លាំង នៅរដូវវស្សានោះ អាចប្រឈមមុខខ្លាំង និងការលិចលង់ ប្រសិនបើអាជ្ញាធរ មិនបានស្ថាបនាផ្លូវនេះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាន់ពេលវេលាទេនោះ។

មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថែមទៀតថា ការស្ថាបនាផ្លូវនេះ សម្រេចបានមួយចំនួនធំរួចមកហើយ ដោយតំបន់ខ្លះ បានស្ថាបនាចាក់បេតុងរួចរាល់ប្រវែង៤០០ម៉ែត្រ និងខ្លះទៀតកំពុងតែក្រាលថ្មបង្ហាប់ដីប្រវែង១ពាន់ម៉ែត្រ មួយចំនួនទៀតកំពុងឈូសឆាយ។

យ៉ាងណាក៏ដូច មុនការស្ថាបនាផ្លូវនេះ អាជ្ញាធរខណ្ឌបានជូនដំណឹងដល់ប្រជាពលរដ្ឋ ឬម្ចាស់ដីដែលមានដីជាប់ ទៅនឹងគម្រោងអភិវឌ្ឍន៍ជ្រោយចង្វារនេះ ដើម្បីឲ្យចូលរួម ធ្វើការសហការ ជាមួយនិងអាជ្ញាធរដើម្បីស្ថាបនាផ្លូវនេះ ឲ្យបានរួចរាល់មុនរដូវវស្សាមកដល់ ការពារការលិចលង់ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។

មន្ត្រីដដែលបញ្ជាក់ទៀតថា ចំពោះបញ្ហាផលប៉ះពាល់ជាមួយ ប្រជាពលរដ្ឋនិងម្ចាស់ដី ដែលជាប់ទៅនឹងគម្រោងស្ថាបនាផ្លូវនេះ អាជ្ញាធរបាន និងកំពុងធ្វើការងារ ប្រកបដោយការយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយជូនពួកគាត់ ហើយក៏សូមឲ្យប្រជាពលរដ្ឋ ធ្វើការសហការជាមួយអាជ្ញាធរផងដែរ ដើម្បីដំណើរការសាងសង់ ប្រកបដោយជោគជ័យ៕