(ក្រចេះ)៖ ឈើជន្លង់ម្រេច​រាប់ពាន់ដើម ដែលឈ្មួញ​លាក់ទុក​នៅវាល​ស្រែក្រោយ​ផ្ទះ បម្រុងនឹង​លក់ឲ្យឈ្មួញបន្ត ត្រូវបានកម្លាំងចម្រុះ​ចុះប្រតិបត្តិការបង្រ្កាបឃាត់បាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិថ្មរាប ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា កម្លាំងចម្រុះដែលចុះបង្រ្កាបនោះ រួមមានកម្លាំងរដ្ឋបាលព្រៃឈើ សង្កាត់កន្ទួត មន្រ្តីផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ នរគបាលខេត្ត​ក្រចេះ និងទាហានខេត្តក្រចេះ បានចុះបង្រ្កាប និងរឹបអូសជន្លង់ម្រេច​បានជាច្រើនពាន់ដើម ហើយកំពុងដឹកជញ្ជូនចេញ​ពីទីតាំងដែលលាក់​ទុកនោះ យកទៅរក្សាទុក​នៅសង្កាត់រដ្ឋ​បាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកនាយសង្កាត់ បានបន្ដទៀតថា ជន្លង់ម្រេចទាំងនោះ មិនទាន់ដឹងចំនួន​ប៉ុន្មានដើមនោះទេ ព្រោះកម្លាំងរបស់​លោកកំពុង​ដឹកជញ្ជូន​មិនទាន់រួចរាល់៕