(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) បានតែងតាំង រដ្ឋមន្ត្រីថ្មីៗចំនួនបួនរូប ដែលត្រូវគេជឿជាក់ថា ជាមនុស្សស្មោះស្ម័គ្រនឹងលោកស្រីបំផុត ទៅកាន់គណរដ្ឋមន្ត្រី ដើម្បីជំនួយមន្ត្រីដែលបានលាលែងចេញពីតំណែង កាលពីពេលថ្មីៗនេះដោយសារតែ រឿងចោទប្រកាន់មកលើប្រធានាធិបតីកន្លងមក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីដែលទើបត្រូវបានតែងតាំងថ្មីទាំងបួននាក់ខាងលើនេះ នឹងទទួលបន្ទុកនៅតាមក្រសួងចំនួនបួន ផងដែរដូចជា ក្រសួងរ៉ែ និងថាមពល, ក្រសួងកំពង់ផែ, ក្រសួងទីក្រុង និងក្រសួងទេសចរណ៍។ គួរបញ្ជាក់ថា នៅអំឡុងពេលដែលលោកស្រី រួសេហ្វ ជួបប្រទះបញ្ហាចោទប្រកាន់រឿងអំពើពុករលួយ នោះ សមាជិកគណរដ្ឋមន្ត្រីរបស់លោកស្រី ចំនួន ០៨រូបបានលាលែងចេញពីតំណែង៕