(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា បានថ្លែងក្នុងនាមរូបនាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រូបនាងសូមស្នើសុំឲ្យគណបក្សសង្គ្រោះជាតិ ត្រៀមបេក្ខភាពថ្មី សម្រាប់មកជំនួសតំណែងលោក កឹម សុខា ដើម្បីរក្សាប្រជាប្រិយភាព និងសម្លេងគាំទ្រ បើមិនដូច្នេះទេ ការគាំទ្ររបស់គណបក្សនឹងមានការធ្លាក់ចុះ។

កញ្ញា ធី សុវណ្ណថា បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ មានការស្នើសុំទៅដល់គណបក្សសង្រ្គោះជាតិ សុំឲ្យត្រៀមបេក្ខភាពថ្មី ដើម្បីជំនួសតំណែងលោក កឹម សុខា ពីព្រោះយើងជាអ្នកគាំទ្រ ខ្ញុំគិតពលរដ្ឋដទៃទៀតក៏អញ្ជឹងដែរ ទោះបីជាមានបងប្អូនមួយចំនួន គាត់ផ្កាប់មុខ គាត់អត់យល់ គាត់គិតថា នៅតែគាំទ្រលោក កឹម សុខា ទោះបីរឿងហ្នឹងខុស គាត់គិតថា ជារឿងបុគ្គលក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំ គឺក្នុងនាមខ្ញុំជាយុវជនម្នាក់ គឺខ្ញុំមិនអាចទទួលយកបានទេ ហើយខ្ញុំ សូមស្នើសុំឲ្យគណបក្ស ត្រៀមបេក្ខភាពថ្មី មកជំនួសតំណែងលោក កឹម សុខា ដើម្បីរក្សាសម្លេងគាំទ្រ»

សូមជំរាបថា នៅរសៀលម៉ោងប្រមាណ១៤៖០០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថា សំណងជាទឹកប្រាក់នេះនាងនឹងយកទៅជួយដល់កុមារកំព្រា។

កញ្ញា ធី សុវណ្ណថា បានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែតនៅសណ្ឋាគាសាន់វ៉េ នាម៉ោង២៖០០រៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងដំណើរការនៃការប្តឹង លោក កឹម សុខា។

ក្រៅពីនោះកញ្ញា ធី សុវណ្ណាថា បានអះអាងថា ចំពោះករណីនេះនាងនឹងបន្តប្តឹងលោក កឹម សុខា ជាបន្តបន្ទាប់ ទោះជាត្រូវទៅដល់ណាក៏ដោយ។
ហើយនាងក៏បានប្រកាសផងដែរ នឹងជួយស្វែងរកមេធាវីការពារឲ្យស្រីមុំ ប្រសិនបើស្រីមុំត្រូវការជំនួយ និងអំពាវនាវឲ្យស្រ្តីទាំងអស់ត្រូវក្រោកឈរ ឡើងដើម្បីតតាំង។

សូមទស្សនាវិដេអូទាំងស្រុង នៃសន្និសិទកាសែតរបស់កញ្ញា សុវណ្ណថា៖