(សៀមរាប)៖ គ្រួសារកញ្ញា សាម វិច្ឆិការស្មី បានប្រកបរបរធ្វើទឹកសណ្តែកលក់តាំងពីឆ្នាំ២០១៣។ របរនេះអាចជួយសម្រាលជីវភាពគ្រួសារ និងអាចចិញ្ចឹមសិស្សានុសិស្សដែលជាកូនក្មួយមកពីជនបទជិត ២០នាក់។

ទឹកសណ្ដែករបស់គ្រួសារកញ្ញា សាម វិច្ឆិការស្មី បានបង្ហាញនៅក្នុងពីព័រណ៍អាហារជនបទ ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី កាលពីពេលទៅថ្មីៗនេះ។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន Fresh News កញ្ញា សាម វិច្ឆិការស្មី បានឱ្យដឹងថា គ្រួសារខ្លួនចាប់ផ្តើមរបរធ្វើទឹកសណ្ដែកជាលក្ខណៈគ្រួសារ ដែលមានម្ដាយជាគ្រូបង្រៀន និងឪពុកជាមន្ត្រីរាជការ។

របរបន្ទាប់បន្សំក្នុងគ្រួសារនេះ បានកើតឡើងបន្ទាប់ពីឪពុកម្ដាយកញ្ញា រស្មី បានទទួលកូនក្មួយរបស់គាត់ជាសិស្សានុសិស្សមកពីជនបទ ឱ្យមកស្នាក់អាស្រ័យរហូតដល់ទៅជិត ២០នាក់ ហើយការផ្គត់ផ្គង់នៅក្នុងគ្រួសារ គឺមិនមានចំណូលគ្រប់គ្រាន់នោះទេ។ ដូច្នេះហើយទើបក្រុមគ្រួសារកញ្ញា រកមុខរបរបន្ថែមដើម្បីទប់ទល់ជីវភាព ដោយបានសម្រេចធ្វើទឹកសណ្តែកលក់។

យុវតី វិច្ឆិការស្មី បានបន្តទៀតថា ការធ្វើទឹកសណ្តែកនេះ គ្រាន់ពិសារនៅក្នុងគ្រួសារ និងលក់ឱ្យអ្នកជិតខាងប៉ុណ្ណោះ ដោយអ្នកជិតខាងគាត់យកទៅពិសារហើយឆ្ងាញ់ ក៏លក់ដាច់រហូតមក តែមិនមានឈ្មោះអ្វីឲ្យច្បាស់លាស់នោះដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ-១៩ ធ្វើឲ្យកញ្ញាបាត់បង់ការងារ ហើយងាកមកពង្រឹងមុខរបរធ្វើទឹកសណ្តែកលក់នេះវិញ ដោយដាក់ឈ្មោះជាភាសាបរទេសថា «MaeSoy»។

រីឯលក្ខណៈពិសេសរបស់ទឹកសណ្តែកកញ្ញា គឺវាខាប់ ម្សៅសណ្តែកច្រើន ការធ្វើផ្តោតទៅលើគុណភាព ដោយមិនដាក់ទឹកច្រើន ហើយសណ្តែកយកមកពីខេត្តមណ្ឌលគីរី ដែលជាផលិតផលក្នុងស្រុក។ ចំណែករសជាតិវិញមាន៣ប្រភេទ គឺរសជាតិសណ្តែក រសជាតិស្លឹកតយ និងរសជាតិផ្កាមេអំបៅ ដែលសុទ្ធសឹងតែដាំខ្លួនឯងផងដែរ និងមានអត្ថប្រយោជន៍សម្រាប់សុខភាព។

ជាងនេះទៅទៀត ទឹកសណ្តែពណ៌ស គឺអត់បានដាក់ស្ករទេ ដោយអតិថិជនអាចយកទៅលាយជាមួយកាហ្វេ ឬ ក៏ធ្វើតៅហ៊ូ និងយូគើក៏បានដែរ។ រីឯរសជាតិស្លឹកតយ និងផ្កាមេអំបៅ គឺរសជាតិផ្អែមល្មមតែស្កដាក់តែ២៥ភាគរយទេ ព្រោះមិនចង់ឱ្យផ្អែមខ្លាំងប៉ះពាល់ដល់សុខភាព។ នេះបើតាមការបញ្ជាក់ពីកញ្ញា វិច្ឆិការស្មី ម្ចាស់អាជីវកម្មទឹកសណ្ដែក «MaeSoy»។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ យុវតី វិច្ឆិការស្មី កំពុងខិតខំផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមបណ្តាញសង្គម និងតាមកម្មវិធីផ្សេងៗនៅក្នុងខេត្ត ព្រមទាំងរាជធានីភ្នំពេញផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងយល់ពីអត្ថប្រយោជន៍ នៃការពិសាទឹកសណ្តែក។ ទឹកសណ្តែកយុវតី វិច្ឆិការស្មី គឺប្រើប្រាស់ដបថ្ម ដើម្បីជួយកាត់បន្ថយប្លាស្ទិក គិតគូរពីបរិស្ថាន។ នៅថ្ងៃអនាគត បន្ទាប់ពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករួច យុវតីរូបនេះ ក៏មានបំណងដើម្បីផលិតយកទៅលក់នៅទីផ្សារបរទេសផងដែរ៕