(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន៣រូប និងអធិការនគរបាលថ្មីខណ្ឌមានជ័យ ព្រមទាំងមន្រ្តីនគរបាលមួយចំនួនទៀត ត្រូវបានប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ស ថេត បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋ ឱ្យបានល្អ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ផ្នែកជំនាញផ្សេងៗទៀតដូចជា ចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។ ចំពោះការងាររក្សា សន្តិសុខសុវត្ថិភាព គ្រប់កងកម្លាំងចំណុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែពង្រឹងការល្បាត ដើម្បីបង្ការ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង»

ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់តំណែងរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ លី ពុទ្ធារ៉ា
*ទី២៖ លោកវ រសេនីយ៍ឯក ចាន់ គ្រឹស្នា
*ទី៣៖ លោកវរសេនីយ៍ឯក មួន ឌីណា ។

ដោយឡែកលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងន គរបាលខណ្ឌទួលគោក ត្រូវបានតែងតាំងជាអធិការនគរបាលថ្មីខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកណ្តាល៕