(រតនគិរី)៖ ផ្លូវបេតុងអាមេប្រវែង៥៩៥ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំរ៉ាស់១,២ម៉ែត្រ នៅភូមិអូរមៀត សង្កាត់ឡាបានសៀកមូនិធិឃុំ-សង្កាត់ ក្រោយពីស្ថាបនារួចរយៈពេល១៥ថ្ងៃទៀត ដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រោះមិនទាន់ដល់ពេលកំណត់សុពលភាពប្រើប្រាស់។ នេះបើតាមលោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។

លោក ចាន់ សារុន បន្តថា ផ្លូវ១ខ្សែខាងលើនេះជាគម្រោងមូនិធិឃុំ-សង្កាត់ឆ្នាំ២០២០-២០២១ ចំណាយថវិកាអស់ជាង៣០០លានរៀល ហើយផ្លូវ១ខ្សែប្រភេទបេតុងអាមេនេះនៅសល់ប្រវែងប្រមាណ២០០ម៉ែត្រទៀត នឹងស្ថាបនាបង្ហើយនៅឆ្នាំ២០២២។

លោក ចាន់ សារុន បន្ថែមឲ្យដឹងទៀតថា ទោះបីក្នុងបរិបទកូវីដ១៩ក៏ដោយ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរពីសុខទុក្ខបងប្អូនគ្រប់កាលៈទេសៈ។ ទន្ទឹមនោះដែរ លោក ចាន់ សារុន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ អ្នករស់នៅអមសងខាងផ្លូវសូមចូលរួមថែរក្សាផ្លូវ១ខ្សែនេះ ប្រើប្រាស់ឲ្យបានយូរអង្វែង។

ក្នុងនាមចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ឡាបានសៀក និងប្រជាពលរដ្ឋទាំងអស់មានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណលោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោក ងិន ណែល អភិបាលក្រុងបានលុង ដែលតែជួយដោះស្រាយបញ្ហាផ្សេងៗដែលពួកគាត់ជួបការលំបាក។

ប្រជាពលរដ្ឋភូមិអូរមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង បានលើកឡើងពីសារៈសំខាន់ផ្លូវបេតុងអាមេ១ខ្សែនេះ ដាក់ឲ្យប្រើប្រាស់នាពេលខ្លីខាងមុខ គឺផ្តល់ភាពងាយស្រួលដល់ពួកគាត់ធ្វើដំណើរ៕