(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានទី១ គណៈពង្រឹងគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះជួយសង្កាត់ចេក លើកស្លាកគណបក្ស ប្រជាជនកម្ពុជាដាក់តាមផ្ទះប្រជាពលរដ្ឋ ដែលជាសមាជិកបក្ស និងនៅតាមផ្លូវនានានៅក្នុងសង្កាត់ចេក នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ផងដែរ។

លោក ជុក មុន្នី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅសង្កាត់ចេក ក្រុងស្វាយរៀង ដែលជានិច្ចកាលសម្ដេចតេជោ និងលោកស្រីបណ្ឌិត ម៉ែន សំអន តែងតែយកចិត្តទុកដាក់ចំពោះសមាជិកសមាជិកាគណបក្សនិងបានដោះស្រាយទុក្ខលំបាកនានា ជាពិសេសក្នុងគ្រាដែលប្រទេសកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

លោក ជុក មុន្នី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានស្នើឲ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្នាឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាត ជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឲ្យផុសផល។

លោកបានបន្ថែមថា ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឲ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជម្រុញឲ្យមូលដ្ឋាននីមួយៗ ត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ ឲ្យបានឆាប់រហ័សផងដែរដើម្បីមានភាពសាំជាមួយជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕