(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានផ្តល់អាទិភាពលើការបង្កើនសមត្ថភាពសហគ្រាស ក្នុងការទទួលបានឥណទានពីធនាគារ លើកកំពស់ការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល និងការផ្តល់ហិរញ្ញប្បទានឥតសំណងដល់ធុរកិច្ច ដែលមានសក្តានុពល ដើម្បីជំរុញឱ្យសហគ្រាសកាន់តែរីកចម្រើន ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បាន ណែនាំគោលការណ៍បន្ថែមមួយចំនួន សម្រាប់សហគ្រិនខ្មែរ ក្នុងការបន្តអនុវត្តកម្មវិធីនិងសកម្មភាពរបស់ខ្លួន ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការពង្រីកកម្មវិធីកសាងសមត្ថភាពសហគ្រិនក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ឌីជីថលនៅក្នុងអាជីវកម្ម។ កម្មវិធីនេះ សហគ្រិនខ្មែរនឹងបន្តអនុវត្តជាមួយដៃគូនានា រួមទាំងវិស័យសាធារណៈ និងឯកជនផងដែរ ដើម្បីលើកកម្ពស់ និងត្រៀមខ្លួនសម្រាប់ការរីកចំរើននៃសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ ត្រូវបន្តផ្តល់បន្ថែមនូវកម្មវិធីសហហិរញ្ញប្បទាន និងហិរញ្ញប្បទានដល់សហគ្រាស ដែលមានសក្តានុពល ក្នុងគោលបំណងចូលរួមបន្តរក្សាលំនឹងអាជីវកម្មដែលមានសក្តានុពល និងពង្រីកបណ្តាញទីផ្សាររបស់សហគ្រាស ព្រមទាំងបន្តអនុវត្តកម្មវិធីកសាងសមត្ថភាពសហគ្រាស ដែលអាចជួយបង្កើនឱកាសក្នុងការផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ ផលិតកម្មសាកល និងទីផ្សារនាំចេញ និងការសម្របសម្រួលកម្រិតគោលនយោបាយជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបង្កើនលទ្ធភាពនៃការចាប់កាលានុវត្តភាពថ្មីៗមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាកូរ៉េ (Cambodia-Korea FTA) ,កម្ពុជាចិន (Cambodia-China FTA) និងភាពសព្វជ្រុងជ្រោយនៃដៃគូសេដ្ឋកិច្ច (RCEP)ជាដើម ។

លោក វង្សី វិស្សុត លើកឡើងដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លើកទី១០ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅទីស្តីការសហគ្រិនខ្មែរ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំ២០២១ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្នុងការបន្តចក្ខុវិស័យរបស់ខ្លួនលើការចូលរួមគាំទ្រសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឱ្យមានភាពរស់រវើក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ សហគ្រិនខ្មែរបានអនុវត្តកម្មវិធីចំនួន១៨ បានយ៉ាងជោគជ័យ និងបានជ្រើសរើសសហគ្រិនចំនួន ៧៥៨នាក់ ដែលភាគច្រើនជាម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មី សម្រាប់ទទួលបានការគាំទ្រពីកម្មវិធី ។ ក្នុងនោះសិស្សវិទ្យាល័យ និងកសិករចំនួន៦៣៦នាក់ ក៏ត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនានា ដោយទទួលបានអត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលផងដែរ។

សហគ្រិនខ្មែរក៏បានអនុវត្តកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ បានចំនួន០៣ជុំ ដែលមានសហគ្រាសចំនួន ៥៩ ត្រូវបានជ្រើសរើស ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណង។ ការអនុវត្តកម្មវិធីនេះគឺក្នុងគោលបំណងចូលរួមចំណែករក្សាលំនឹងអាជីវកម្មដែលមានសក្តានុពល និងពង្រីកបណ្តាញទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈការអនុវត្តកម្មវិធី៕