(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានណែនាំដល់ នាយទាហានរង ដែលទទួលបានការបំពាក់ឋានន្តរស័ក្កិនៅថ្ងៃនេះ ត្រូវរក្សាតម្លៃខ្លួន រក្សាកិត្តិយសឱ្យថ្លៃថ្នូរ ឲ្យសមហ្នឹងសក្កិដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តបំពាក់ឱ្យ។

ការថ្លែងណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បែបនេះក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបំពាក់ឋានន្តរស័ក្កិជូននាយទាហានរងនៅទីបញ្ជាការកងពល ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកមេបញ្ជាការវរសេនាតូចទាំង៤ និងលោកនាយការិយាល័យជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានបញ្ជាក់ថា សក្កិដែលបានបំពាក់នៅពេលនេះតូចមែន តែវាមានតម្លៃណាស់ សុទ្ធតែមានព្រះរាជក្រឹត្យ អនុក្រិត្យ ប្រកាសបំពាក់ឱ្យមិនមែនចេះតែពាក់នោះទេ។ដូច្នេះធ្វើម៉េចត្រូវរក្សាតម្លៃខ្លួនយើង ឱ្យថ្លៃថ្នូរទៅតាមឋានន្តរស័ក្កិ ដែលថ្នាក់លើមានសេចក្តីទុកចិត្តបំពាក់ឱ្យអស់លោក។ លោកថា «ពីយុទ្ធជនមកដល់ពេលនេះ យើងបានឡើងមួយថ្នាក់ហើយ ដូច្នេះត្រូវកែពត់ចរឹកលក្ខណៈ សីលធម៌ គុណធម៌ ដើម្បីដឹកនាំអប់រំយុទ្ធជន នៅថ្នាក់ខាងក្រោមរបស់ខ្លួនបន្ត»

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ការពារឱ្យបានបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយមិនត្រូវឱ្យក្រុមណាមកធ្វើបដិវត្តពណ៌ផ្តួលរំលំបានជាដាច់ខាត។

ជាមួយគ្នានេះ ត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវជៀសឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕