(កណ្តាល)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅទូទាំងឃុំព្រែកអំបិល ប្រកាសប្តេជ្ញាយ៉ាងប្តូរផ្តាច់គាំទ្រពេញទំហឹងចំពោះសេចក្ដីសម្រេចរបស់សន្និបាត គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ការប្រកាសគាំទ្របែបនេះរបស់មន្ត្រីមូលដ្ឋានគណបក្សប្រជាជនកម្ពុជា បានធ្វឡើងនៅក្នុងឱកាសដែលលោក ស៊ា កុសល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល, លោក ខឹម ច័ន្ទគីរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងលោក ឈីវ យីស៊ាង អនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំព្រែកអំបិល បានចូលរួមធ្វើជាគណៈអធិបតីក្នុងពិធីសន្និបាតគណបក្សឃុំព្រែកអំបិល នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំព្រែកអំបិល។

ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកអំបិល សមាជិកគណៈកម្មាធិការគណបក្សឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសាខាគណបក្សសាលារៀន មណ្ឌលសុខភាព ប៉ុស្ដ៍នគរបាល រួមជាមួយអស់លោក លោកស្រីថ្នាក់ដឹកនាំភូមិទាំង១៦ ទូទាំងឃុំព្រែកអំបិល សរុបអ្នកចូលរួមមានជាង ១៧០នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ស្របពេលដែលជិតដល់ថ្ងៃ៧ មករា ផងនោះ លោកបានថ្លែងអបអរសាទរខួបលើកទី៤៣ឆ្នាំ (៧ មករា ១៩៧៩-៧មករា ២០២២) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយបានមកពីការលះបង់ដ៏ធំធេង របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយបានយកអាយុជីវិតធ្វើជាដើមទុន។

លោក ស៊ា កុសល បានផ្ដាំផ្ញើដល់អង្គសន្និបាតឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីការបន្តអភិវឌ្ឍនៅមូលដ្ឋាន និងដើម្បីជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

អង្គសន្និបាតបានដំណើរការរយៈពេលពេញ១ព្រឹក ដោយបានតាមដានស្តាប់នូវខ្លឹមសារ ព្រាងរបាយការណ៍បូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សឃុំព្រែកអំបិល សម្រាប់ការអភិវឌ្ឍឃុំឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

ជាមួយគ្នានេះ អង្គសន្និបាតបានឯកភាពទៅលើរបាយការណ៍បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់ គណបក្សរយៈពេលកន្លងទៅ និងខ្លឹមសារព្រាង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ ការអភិវឌ្ឍឃុំបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លើសពីនេះទៀតអង្គសន្និបាតបានបង្ហាញបេក្ខជនពេញសិទ្ធិ និងបម្រុងចំនួន២២រូប សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្ដិទី៥ ខាងមុខនេះដែរ។

លោក ស៊ា កុសល បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល នៃការអនុវត្ដកម្មវិធីនយោបាយរបស់គណបក្ស ក្នុងការអភិវឌ្ឍន៍ឃុំព្រែកអំបិល អាណត្ដិទី៤ រយៈពេលប្រាំឆ្នាំពីឆ្នាំ២០១៧-២០២២ ដោយបានបញ្ជាក់ថា លទ្ធផល និងសមិទ្ធផលនៅក្នុងឃុំព្រែកអំបិលទាំងនេះ បានមកពីការខិតខំរបស់សមាជិកគណៈកម្មាធិការគណបក្សឃុំសមាជិកក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាបក្សនៅមូលដ្ឋាន ព្រមទាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំទាំងអស់ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្អាងទាំងមូល។

ក្នុងឱកាសនោះដែរ លោក ស៊ា កុសល បានប្រគល់ថវិការបស់ក្រុមការងារចំនួន ៤លាន ៣សែនរៀល សម្រាប់ចំណាយដូចខាងក្រោម៖ ឧបត្ថម្ភការរៀបចំសន្និបាត ១លានរៀល, ឧបត្ថម្ភគណបក្សឃុំ ២០ម៉ឺនរៀល, ឧបត្ថម្ភសមាជិកចូលរួមសន្និបាតចំនួន ១៤៥នាក់ ម្នាក់ៗចំនួន ២ម៉ឺនរៀល, ឧបត្ថម្ភកងកម្លាំងនគរបាលឃុំ ១០ម៉ឺនរៀល និងឧបត្ថម្ភក្រុមគ្រូពេទ្យឃុំ ១០ម៉ឺនរៀល៕