(ក្រចេះ)៖ របាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២១ សត្វផ្សោតក្នុងទន្លេមេគង្គរបស់កម្ពុជា កើតបានកូន៦ក្បាល។ កូនទី៦ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែធ្នូ នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF ដែលជាអង្គការធ្វើសកម្មភាពចូលរួមចំណែកអភិរក្សសត្វផ្សោតដែរនោះ បានសម្តែងនូវក្តីរំភើប និងរីករាយ ហើយចាត់ទុកការកើតកូនជាបន្តបន្ទាប់របស់សត្វផ្សោតនៅទន្លេមេគង្គនេះ គឺជាសញ្ញាណដ៏ល្អសម្រាប់ស្ថានភាពសត្វផ្សោតនៅកម្ពុជា និងជាសត្វកម្រលើពិភពលោក។

អង្គការ WWF បានអំពាវនាវឱ្យរួមគ្នាការពារទន្លេមេគង្គ និងថែរក្សាលំហូរបែបធម្មជាតិរបស់ផ្សោតឱ្យគង់វង្ស នាពេលឥឡូវនេះ មុននឹងយឺតពេល។

នៅក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថា ចំនួនសត្វផ្សោតសរុបមានត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឱ្យជៀសផុតពីការឈានទៅផុតពូជ។

ការការពារសត្វផ្សោតអ៉ីរ៉ាវ៉ាឌី ឱ្យស្ថិតនៅគង់វង្ស គឺមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនជាង ១,១០០ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ។

នៅចន្លោះខែមករា និងឧសភា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវក៏បានកត់ត្រាទុកផងដែរ នូវសត្វផ្សោតដែលជាអកុសលបានស្លាប់សរុបចំនួន ៤ក្បាល៕