(ត្បូងឃ្មុំ)៖ ការប្រកួតកីឡាមហាជន ពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិ ៧ មករា (៧ មករា ១៧៧៩ - ៧មករា ២០២២) ត្រូវបានប្រកាសបិទក្នុងពិធីផ្លូវការមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន។

អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមបណ្ឌិត រួមមាន លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ លោក-លោកស្រីប្រធានមន្ទីរ និងមន្រ្តីរាជការជុំវិញខេត្តផងដែរ។

លោកបណ្ឌិតបានបន្តថា ការរៀបចំការប្រកួតកីឡាមហាជនពានរង្វាន់៧មករា ដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្ភភ័យព្រួយដូចសព្វថ្ងៃនេះគឺបានមកពីបុព្វហេតុចម្បង នៃថ្ងៃ៧មករា ដែលមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះ សម្រាប់ក្រុមដែលចូលរួមប្រកួតមានផ្នែកកីឡា៖ បាល់ទាត់ បុរស-នារី បាល់ទះ បុរស-នារី បាល់បោះ បុរស-នារី ប៉ែតង់ប៊ូល បុរស-នារី វាយសីបុរសអាយុលើ ៥០ឆ្នាំ វាយសីបុរសអាយុក្រោម៥០ឆ្នាំ។

ក្នុងការប្រកាសបិទការប្រកួតកីឡាក្នុងពិធីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា «សកម្មភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយពោរពេញទៅដោយសមត្ថភាពខ្ពស់ មានសីលធម៌និងគុណធម៌ដ៏ល្អជាពិសេសឯកឧត្តមបាននិងកំពុងធ្វើសកម្មភាពជាគំរូជាក់ស្តែង ជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗជាច្រើនទាំងនៅក្នុងប្រទេសនិង លើឆាកអន្តរជាតិដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»

សូមជម្រាបថា កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ក្រុមបញ្ញវន្ត បានសរសេរលិខិតចំហរផ្ញើរជូន លោក សម រង្សី ដើម្បីអោយសុំទោសជាសាធារណៈចំពោះការមើលងាយមើលថោក សញ្ញបត្ររបស់បណ្ឌិត ហ៊ុន ម៉ាណែត «យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងការសោកស្ដាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ ទៅលើគុណភាពសញ្ញាបត្រសិក្សានៅក្រៅ ប្រទេសរបស់និស្សិតកម្ពុជាថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»

លោកបានថ្លែងក្នុងពីធីនោះថាអ្វីដែល លោក សម រង្សី គាត់បានវាយប្រហារទៅលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិក អូស្រ្តាលី ញូវហ្សេលែន អង់គ្លេស ជប៉ុន និងកាណាដាជាដើម បានចេញលិខិតចំហរមួយទៀត ទាមទារឱ្យ លោក សម រង្ស៉ី កែតម្រូវ និងសុំទោសជាសាធារណៈចំពោះ ការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល«៣ កុំ ៣ ការពារ » ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបានអំពាវនាវសូមអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ ព្រោះកីឡាបង្កើតនូវសាមគ្គីភាព ឯកភាពគ្នា មានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន៕