(កំពង់ចាម-ត្បូងឃ្មុំ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានយាងសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិកា រចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ ជារចនាសម្ព័ន្ធគណបក្ស នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

អមព្រះដំណើរនាឱកាសនោះ ក៏មានការអញ្ជើញពីអនុប្រធានគណបក្ស, អគ្គលេខាធិការប្រតិបត្តិគណបក្ស និងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញព្រះវត្តមានរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់យាងចុះមូលដ្ឋានញឹកញាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធ និងគៀងគរអ្នកគាំទ្រឱ្យកាន់តែមានសក្កានុពលខ្លាំងក្លា។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលណែនាំដល់សមាជិក សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមូលដ្ឋានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ពីការងាររបស់គណបក្ស ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមាជិក ក្រុមប្រឹក្សាឃ្មុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងគោលនយាយរបស់គណបក្សជាដើម។ ព្រះអង្គម្ចាស់ ទ្រង់ក៏មានបន្ទូលក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩។

នាឱកាសនោះដែរ ក្រុមការងារបោះឆ្នោត និងគណកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម និងសមាជិក សមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត បានប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខ៕