(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ការចាប់ខ្លួន ជនឆបោកចំនួន២នាក់ (ស្រីម្នាក់) ក្រោយពីពួកគេបានស៊ីដាច់លុយ ចំនួន១៦ម៉ឺនដុល្លារ ពីម្ចាស់ដើមថា យកទៅទិញដំឡូងមី តែតាមការពិតពួកគេ បានគេចវេសយកលុយទាំងនោះតែម្តង ដោយមិនបានយកទៅទិញដំឡូងមីឡើយ។

ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីត្រូវបានចាប់ខ្លួនកាលពី២ថ្ងៃមុន។ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យទី១ឈ្មោះច័ន្ទ រ៉ាសុទ្ធ អាយុ៣១ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូន កែវ ខេត្តតាកែវ បោកលុយចំនួន ៥ម៉ឺនដុល្លារ។ ចំណែកជនសង្ស័យទី២ឈ្មោះ សរ ម៉ាលី អាយុ៥១ឆ្នាំ រស់នៅផ្ទះលេខ៤៥E0 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បោកលុយចំនួន១១ម៉ឺនដុល្លារ ក្នុង២ករណីផ្សេងគ្នា។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកាបង្គាប់ ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោក។ ជនសង្ស័យ ច័ន្ធ រ៉ាសុទ្ធ រងនូវបណ្តឹងឆបោក លើទឹកប្រាក់៥ម៉ឺនដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ ដែលឈ្មោះនេះបានយកប្រាក់ថា ទៅទិញដំឡូងមី ឲ្យដើមបណ្តឹង តែបែរជាគេចខ្លួនបាត់ ខុសពីកិច្ចសន្យា។ រីឯស្រ្តីឈ្មោះ សរ ម៉ាលី ជាប់ពាក់ព័ន្ធបទឆបោកប្រាក់ដើមបណ្តឹងចំនួន ១១ម៉ឺនដុល្លារ ប៉ុន្តែជននេះ បានទទួលយកប្រាក់សុទ្ធតែចំនួន ៤៥.០០០ដុល្លារទេ ចំណែក ៦៥.០០០ដុល្លារទៀត ទទួលយកជាសែកពី ដើមបណ្តឹង ទៅបើកនៅធនាគារតាមដំណាក់កាល។ បទល្មើសនេះ ជនសង្ស័យបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ សម្រាប់ជនសង្ស័យទាំង២នាក់នេះ នឹងត្រូវព្រះរាជអាជ្ញា និងចៅក្រមសម្រេចយ៉ាងណានោះទេ នៅពេលបញ្ជូន និងធ្វើការសួរនាំនៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃនេះ៕