(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានថែ្លងឲ្យដឹងថា ក្រសួងនឹងរៀបចំពង្រឹងពង្រីកផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុកាន់តែងាយស្រួល និងសុវត្ថិភាព, ព្រមទាំងត្រៀមស្ដារផ្លូវ ដែកពីភ្នំពេញ ទៅប៉ោយប៉ែត និងរៀបចំបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកទេសរដ្ឋមន្ដ្រីបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាលើការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកនៅកម្ពុជា ដែលមានការចូលរួមពីតំណាង ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ រួមទាំងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងសមាគមរថយន្តដឹកជញ្ជូន ដើម្បីពិភាក្សាដោះស្រាយ លើបញ្ហាបញ្ចុះតំលៃដឹកជញ្ជូន និងការដឹកលើសទម្ងន់ នាទីស្ដីការក្រសួង។

ក្រៅពីនោះលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានថ្លែងបញ្ជាក់អំពីបញ្ហាការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនទាំងអស់ ដែលរួមមានរថយន្ដឈ្នូលគ្រប់ប្រភេទ, តម្លៃប្រេងសាំង, វិធានការការដឹកលើសទម្ងន់ និងបញ្ហាផ្សេងៗ ក្រសួងនឹងបង្ហាញលទ្ធផលនៅថ្ងៃទី២៨ ខែមេសា ម៉ោង៣រសៀល ខាងមុខនេះ។

សូមជំរាបថា នៅព្រឹកថ្ងៃមិញនេះ កិច្ចប្រជុំពិភាក្សាលើការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកនៅកម្ពុជា ដែលដឹកនាំដោយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ រួមទាំងសមាគមភ្នាក់ងារ បញ្ជូនទំនិញកម្ពុជា (CAMFFA) និងសមាគមរថយន្តដឹកជញ្ជូន (CAMTA) ផងដែរ ដើម្បីពិភាក្សាដោះស្រាយលើបញ្ហាបញ្ចុះតំលៃដឹកជញ្ជូន និងការដឹកលើសទម្ងន់ នៅសាលប្រជុំនៃទីស្តីការក្រសួង៕