(ភ្នំពេញ)៖ មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានវាយតម្លៃខ្ពស់ថាកិច្ចការការទូតដែលកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ បានធ្វើតាមរយៈលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា និងទទួលបានការបញ្ជាក់ពីការប្រកាសបទឈប់បាញ់គ្នារបស់រដ្ឋាភិបាលរហូតដល់ដំណាចឆ្នាំ ២០២២ គឺជាជោគជ័យផ្នែកការទូតមួយយ៉ាងសំខាន់ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងកសាងមូលដ្ឋានគ្រឹះសន្តិភាពឡើងវិញនៅមីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងសាមគ្គីភាព និងគោលការណ៍កុងសង់ ស៊ីសក៏ដូចជាគោលការណ៍អាស៊ាន ១០ ប្រទេស។ វាគឺជាដំណើរឆ្ពោះទៅយកប្រក្រតីភាពមកឱ្យមីយ៉ាន់ម៉ាវិញ ខណៈជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាល និងភាគីជនជាតិដើមភាគតិចជាច្រើនក្នុងប្រទេសនេះកំពុងតែផ្ទុះឡើងក្រោយមានរដ្ឋប្រហារកាលពីដើមឆ្នាំ ២០២១។ លទ្ធផលនៃដំណើរទស្សនកិច្ច ២ ថ្ងៃជាមួយនឹងលទ្ធផលផ្លែផ្កាក៏ជាសារមួយយ៉ាងសំខាន់ឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនដែលបានធ្វើបុរេវិនិច្ឆ័យថាដំណើរទស្សនកិច្ចនេះនឹងមិនទទួលលទ្ធផលអ្វីឡើយ ចំណែកក្រុមជនជាតិភូមា ដែលមានភក្តីភាពទៅលោកស្រី អ៊ុងសាន ស៊ូជី មួយចំនួន បានធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចតេជោនិងគណៈប្រតិភូនៅភូមា និងបានប្រើប្រាស់បច្ចេកវិទ្យាតាមចូលវាយប្រហារលើហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។

តើនរណាជាអ្នកទទួលផលប្រយោជន៍ពិតប្រាកដពីដំណើរទស្សនកិច្ចការទូតលើកនេះ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀតរបស់ប្រធានអាស៊ានឆ្នាំ២០២២ ជាមួយប្រទេសមីយ៉ាន់ម៉ា?

អ្នកនយោបាយបរទេសខ្លះ រួមនឹងមជ្ឈដ្ឋានប្រឆាំងរបស់ភូមា និងក្រុមអមិត្តដែលស្រឡាញ់សង្គ្រាមនិងមានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ បានធ្វើការប្រមាថ ចំពោះកិច្ចការការទូតរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើសុទ្ធតែ បានប្រឹក្សាយោបល់ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន របស់អាស៊ាន ហើយការចូលរួមដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ កម្ពុជាគ្មានទទួលប្រយោជន៍អ្វីឡើយ តែជាទំនួលខុសត្រូវក្នុងនាមជាប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ាបន្តកើតមាន ពលរដ្ឋស៊ីវិល និងយោធាបន្តបាត់បង់ជីវិត ហើយប្រជាពលរដ្ឋជនភៀសខ្លួន និងជនងាយរងគ្រោះត្រូវរងទុក្ខ វេទនាដោយសារតែការខ្វះស្បៀងនិងថ្នាំសង្កូវសម្រាប់ព្យបាលជំងឺឡើយ។ ប្រសិនបើគ្មានដំណោះស្រាយលើ ចំណុចសំខាន់ ២ គឺការឈប់បាញ់គ្នារវាងភាគីក្នុងជម្លោះ និងការផ្តល់នូវជំនួយមនុស្សធម៌ដល់អ្នកត្រូវការទេ នោះ ពលរដ្ឋមីយ៉ាន់ម៉ានឹងបន្តបាត់បង់ជីវិតរាល់ថ្ងៃ ហើយនឹង មានវិបត្តិមនុស្សធម៌កើតឡើង ពលរដ្ឋរងគ្រោះត្រូវការ ជំនួយបន្ទាន់នឹងប្រឈមមុខខ្លាំង។ នេះគឺជាស្ថានភាពដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រទេស មិត្តភ័ក្តិមីយ៉ាន់ម៉ា មិនអាចឈរឱបដៃមើលវិបត្តិទាំងនេះ បន្តបំផ្លាញជីវិតពលរដ្ឋមីយ៉ាន់ម៉ាដោយមិនស្វះស្វែងរក ដំណោះស្រាយឡើយ។ មេរៀនបទពិសោធនេះ កម្ពុជា បានជួបប្រទះរួចអស់ហើយ ហើយសម្តេចតេជោ ហ៊ុន សែន ដែលកំពុងស្វះស្វែងជួយប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការទ្រស្ថានការណ៍ទាំងនេះកាលពីអតីតកាល ប្រឹងត្រដររស់ដោយដៃម្ខាងកសាងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់ក្រោមសម្ពាធទណ្ឌកម្មជុំទិសរបស់បស្ចឹមប្រទេស និងដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដែល នៅតែទទួលបានការគាំទ្រឱ្យកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ និងជំនួយអាវុធដើម្បីបន្តបំផ្លាញកម្ពុជា ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

តាមពិត អ្នកដែលទទួលបានផលប្រយោជន៍ពិតប្រាកដពី ភាពជោគជ័យដំណាក់កាលដំបូងនៃកិច្ចការទូតដែលអាច ប្រសិទ្ធនាមថា «ការទូតឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺទី១-ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាផ្ទាល់តែម្តង ដែលបានទទួលការប្រកាសពីថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ឧត្តមសេនីយ៍ មីន អោងឡាំង ពីបទឈប់បាញ់គ្នាពីពេលនេះរហូតដល់ចុងឆ្នាំ២០២២ ដែលមានន័យស្មើនឹងការធានាបានអាយុជីវិត ឬកាត់បន្ថយការស្លាប់របស់ពលរដ្ឋ កាត់បន្ថយការឈឺចាប់ក្នុងចំណោមជាតិសាសន៍របស់មីយ៉ាន់ម៉ា កាត់បន្ថយកំហឹង ការសងសឹក និងសោនាដកម្មផ្សេងទៀតដែលមិននឹកស្មានដល់។ ទី២-ជាច្រកទ្វារថ្មីមួយសម្រាប់ដំណើរការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិរវាងជាតិសាសន៍នានាដែលកំពុងរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នបាននិងកំពុងបែកបាក់ធ្ងន់ធ្ងរ ហើយប្រសិនបើមិនអាចគ្រប់គ្រងបានទេ ក្តីព្រួយបារម្ភដែលខ្លាចថាប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមស៊ីវិល វានឹងក្លាយជាការពិត ហើយវិនាសកម្មមនុស្ស ហេដ្ឋារចនាសម្ព័ន្ធប្រទេសនឹងកាន់តែមានទំហំធំ តម្លៃធំធេង។ ការបែកបាក់ជាតិក៏នឹងកើតឡើង ដែលអាចប្រឈមនឹងភាពបែកបាក់កាន់តែធ្ងន់ធ្ងរ ហើយសុខសន្តិភាព ការអភិវឌ្ឍសព្វបែបយ៉ាងត្រូវបានបំផ្លិចបំផ្លាញ មីយ៉ាន់ម៉ានឹងបន្តរាប់សាកសពពលរដ្ឋខ្លួនជារៀងរាល់ថ្ងៃ។ ប្រសិនបើបទឈប់បាញ់គ្នាត្រូវបានថែរក្សាបានល្អ និងមានការចូលរួមយ៉ាងសកម្មពីកក្រុមជនជាតិជាច្រើនទៀតដែលកំពុងប្រកាសសង្គ្រាមជាមួយរដ្ឋាភិបាល នោះវាគឺជាភាពជោគជ័យធំធេងសម្រាប់មនុស្សជាតិ។ ទី៣-ផលប្រយោជន៍បើកផ្លូវសម្រាប់សកម្មភាពមនុស្សធម៌ ព្រោះបច្ចុប្បន្ននេះជំនួយ មនុស្សធម៌មាន តែមិនទាន់បានចែកជូនដល់អ្នកដែលត្រូវ ការជំនួយនោះឡើយ ដែលជាហេតុធ្វើឱ្យវិបត្តិមនុស្សមានទម្ងន់បន្ថែមទៀតដាក់សម្ពាធលើវិបត្តិនយោបាយ និងជម្លោះប្រដាប់អាវុធ។

ការយល់ព្រមអនុវត្តបទឈប់បាញ់ ការបញ្ឈប់អំពើហិង្សា និងទទួលយកជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា រួមទាំងការស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៃប្រមុខរដ្ឋាភិបាលនិងប្រមុខរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួររំឭកថាគោលការណ៍ទាំង ៥ចំណុចនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឱ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ ក្និងការស្វះស្វែងដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ានេះ នឹងអាចមានកិច្ចប្រជុំ ការចរចា និងកិច្ចការងារការទូតច្រើនបន្ថែមទៀត ទោះបីជា កិច្ចការការទូតដំបូងនៅដើមឆ្នាំ២០២២ របស់កម្ពុជាជាប្រធានអាស៊ានមានភាពវិជ្ជមានទៅមុខ ពោលគឺត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ និងត្រូវការភាពជាក់ស្តែង។

មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍស្ថានការណ៍នៅភូមា ហើយក្រសែភ្នែកពិភពលោកបានសំឡឹងមកលើសម្តេចតេជោ ហ៊ុន សែន លើតួនាទីជាអ្នកសម្របសម្រួលនិងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ព្រោះសម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាស្ថាបនិកសន្តិភាពនៅកម្ពុជា បិតានយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមដ៏រ៊ាំរ៉ៃនៅកម្ពុជាជិត ៣ ទសវត្សរ៍។ ជាមួយនឹងការជ្រើសរើសការទូតបែបទន់ភ្លន់ និងតម្កល់ផលប្រយោជន៍រួមជាធំ ផលប្រយោជន៍សន្តិសុខ ស្ថិរភាព សន្តិភាពតំបន់និងពិភពលោកជាធំ គួបផ្សំនឹងបទពិសោធដ៏សម្បូណ៌បែបក្នុងសមរភូមិសង្គ្រាម និងការទូតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គេជឿជាក់ថាបញ្ហាមីយ៉ាន់ម៉ានឹងត្រូវដោះស្រាយបាន ហើយគោលការណ៍អាស៊ាន ១០ និងកុងសង់ស៊ីសនឹងត្រូវពង្រឹងមកវិញ ឥទ្ធិពលនិងគោលការណ៍អាស៊ាននឹងត្រូវបានការពារ មិនអាចនរណាមកបំបែកបំបាក់អាស៊ានបាន ឡើយ។ អ្វីដែលសំខាន់ ជំហានការទូតជ្រើសរើសដើរដោយប្រុងប្រយ័ត្នរបស់កម្ពុជានឹងអាចធ្វើឱ្យភាគីនានាក្នុងជម្លោះនៅភូមាងាកមករកតុចរចា និងថែរក្សាបទឈប់បាញ់គ្នាដែលប្រកាសឡើងដោយរដ្ឋាភិបាល។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនិងចិត្តស្មោះសរបស់កម្ពុជា ក្នុងការជួយប្រទេសជាមិត្តឱ្យបញ្ចប់បញ្ហាជម្លោះទាំងឡាយ ព្រោះកម្ពុជាធ្លាប់បានរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងបានស្គាល់ច្បាស់នូវសោកនាដកម្មជូរចត់នៃសង្គ្រាមស៊ីវិល និងលទ្ធផលនៃសង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជិត ៣ទសវត្សរ៍ ហើយទម្រាំឱ្យកម្ពុជាងើបបានដូចសព្វថ្ងៃនេះ ត្រូវប្រើប្រាស់ពេលយូររ។ ចេតនាដ៏ស្មោះត្រង់របស់កម្ពុជាគឺចង់ឱ្យប្រជាជនមីយ៉ាន់ម៉ា ជៀសផុតពីសោកនាដកម្មដែលកម្ពុជាធ្លាប់ឆ្លងកាត់និងស្គាល់រសជាតិដ៏ល្វីងជូរចត់នេះ។

ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានបំពេញតួនាទី ភារកិច្ចដ៏ល្អឥតខ្ចោះប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយគ្រួសារអាស៊ានជាមួយគ្នា ហើយប្រសិនបើសិនប្រទេសមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចអ្វីដែលគេកំពុងតែបារម្ភនោះ វានឹងមានឥទ្ធិពលអាក្រក់រហូតដល់សមាគមអាស៊ានទាំងមូល បង្កកេរ្តិ៍ឈ្មោះអាក្រក់ដល់អាស៊ាន អាក្រក់រហូតដល់ការឯកភាពរបស់អាស៊ាន។ ហេតុដូច្នេះបានជាប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា៖«យើងជួយមីយ៉ាន់ម៉ា ក៏ដូចជួយអាស៊ានអញ្ចឹង ក្នុងឋានៈជាប្រធានត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួនយើងជាប្រធានអាស៊ាននេះ»។ ការទូតឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបោះជំហានទៅមុខលើការស្វែងរកដំណោះស្រាយភូមា ត្រូវបានពលរដ្ឋខ្មែរទទួលស្វាគមន៍ និងអបអរសាទរយ៉ាងកងរំពង និងបង្ហាញមោទកភាពចំពោះមេដឹកនាំខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៏នៃនយោបាយឈ្នះ-ឈ្នះ និងការទទួលស្វាគមន៍ពីមន្ត្រីការទូតនៃបណ្តាប្រទេសអាស៊ានមួយចំនួន។ ចំពោះក្រុមប្រឆាំងរបស់មីយ៉ាន់ម៉ាក៏មានសភាពស្ងប់ស្ងាត់ ទៅវិញរកពាក្យនឹងថ្លែងគ្មាន ខណៈអ្វីដែលគេបានទស្សន៍ទាយពីមុនដំណើរទស្សនកិច្ចទៅភូមារបស់សម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុង ហើយការបញ្ចេញសារជេរប្រមាថសម្តេចតេជោនៅលើបណ្តាញសង្គមក៏ថយចុះ ខណៈការអត្ថាធិប្បាយគាំទ្រ និងអបអរសាទរជ័យជម្នះនៃកិច្ចការទូតសម្តេចតេជោនៅភូមា ត្រូវបានផ្សព្វផ្សាយយ៉ាងភ្លូកទឹកភ្លូកដីនៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះគឺជាសាមគ្គីភាព និងការលើកទឹកចិត្ត លើកតម្កើង ឆន្ទៈស្មោះសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្និងការរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ាបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាននិងដៃគូដែលចង់ចូលរួមក៍ដូចជា
មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវ ធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩»

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២