(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជាឃុំធិតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំអាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍៥ឆ្នាំ (២០២២-២០២៧) និងប្រកាសសមាភាពក្រុមប្រឹក្សាឃុំអាណត្តិថ្មីជាផ្លូវការសរុប២២រូប ក្នុងនោះមានបេក្ខភាពពេញសិទ្ធ៧រូប និងបម្រុង១៥រូប ដែលត្រូវឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំអាណត្តិថ្មី២០២២ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការបក្សឃុំធិបតី ភូមិបឹងស្នោរ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមវត្តមានលោក ហេង ជំនិត អនុប្រធានក្រុមការងារគណបក្សស្រុក ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំធិបតី ស្រុកគាស់ក្រឡ អនុប្រធានសមាជិក សមាជិកា បក្សឃុំចំនួន២៥០នាក់។

នៅក្នុងឱកាសនោះ លោក ហេង ជំនិត បានថ្លែងថា រយ:ពេលកន្លងមក គណបក្សឃុំធិបតី ស្រុកគាស់ក្រឡដែលមានរូបលោកជាប្រធានក្រុមការងារចុះមូលដ្ឋាន បានកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ទាំងការងារបក្ស ការងារមនុស្សធម៌ សម្រាប់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា ជនទីទាល់ក្រឥតទីពឹងព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាងសាលារៀន វត្តអារាម មណ្ឌលសុខភាពផ្លូវថ្នល់ថ្មី និងជួសជុលផ្លូវនៅតាមភូមិនានាជីកប្រឡាយបង្ហូរទឹក
ស្ពានដែកតូចធំ និងកសាងសមិទ្ធិផលបានជាច្រើនទៀត ជូនប្រជាពលរដ្ឋទុកប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងឃុំទាំងមូល និងការងារសន្តិសុខភូមិឃុំមានសុវត្តិភាពផងដែរ។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ក្នុងពេលជំងឺកូវីដ១៩កន្លងមក ដែលបានផ្ទុះនាចុងឆ្នាំ២០១៩មក ក្នុងនាមបក្សឃុំ តែងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញសុខាភិបាល និងបានចាក់វ៉ាក់សាំងការពារ
កូវីដតាំងពីដូសទី១ និងដល់ដូសទី៣ ជូនប្រជាពលរដ្ឋមូលដ្ឋានតាមការណែនាំរបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តស្រុកឃុំ បានអនុវត្តប្រកបដោយជោគជ័យ និងផ្សព្វផ្សាយពីវិធីការពារកុំឲ្យឆ្លងកូវីដនៅតាមសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់មន្រ្តីសុខាភិបាល ៣កុំ និង៣ការពារ ហើយបច្ចុប្បន្ននេះ បានធ្វើឲ្យការឆ្លងកូវីដ មានការថយចុះធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តក្នុងការបើកឡើងវិញនូវអាជីវកម្ម ដើរហើរជិតឆ្ងាយឡើងវិញ ក្នុងន័យថា យើងត្រូវប្រុងប្រយ័ត្នជានិច្ចនូវការ ការពាររោគឆ្លងរោគបានឡើយ។

លោក ហេង ជំនិត បានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សឃុំធិបតីទាំងអស់ថា យើងទាំងអស់គ្នា ត្រូវខិតខំធ្វើការងារបក្សឃុំឲ្យកាន់តែបានល្អបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសប្បាយចិត្តដោយមាន
ភាពស្និទ្ធស្នាល ស្រលាញ់គាំទ្រគណបក្សកន្លងមកក៏ដូចជាទៅអនាគត គឺដោយពួកគាត់គាំទ្របក្ស តាមរយៈការបោះឆ្នោតស្របពេលឆ្នាំ២០២២នេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២៣ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខ ឲ្យពួកគាត់បោះឆ្នោតគាំទ្រទទួលបានជ័យជម្នះជូនបក្សក៏ដូចជាគាំទ្រជូនសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិកាន់
តែមានការរីកចម្រើនបន្ថែមទៀត៕