(ភ្នំពេញ)៖ សមាគមនិស្សិតប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំពិធីជួបជុំ និងអាហាសាមគ្គី ដើម្បីអបអរសាទរទិវាបុណ្យជាតិ ខួបអនុស្សាវរីយិ៍ខួបលើកទី៤៣ អបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – មករា ២០២២) ក្រោមអធិបតីភាពរបស់ លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាតំណាងបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពីសំណាក់ លោក តាំង សាមឿន ប្រធានយុវជនកាតបាទក្រហមកម្ពុជា លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត លោក អ៊ុក ភត្ត្រា អភិបាលរងខេត្តកោះកុង លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក LOBIN អគ្គនាយកក្រុមហ៊ុន PE GROUP និងប្រធានកិត្តិយសមាគមពាណិជ្ជកម្មខេត្តហូណាននៅកម្ពុជា លោក CAI តំណាងក្រុមហ៊ុនZHENGHENG GROUP លោកស្រី WU CAIYING តំណាងសមាគមពាណិជ្ជកម្មឆោសាននៅកម្ពុជា បងប្អូនយុវជននិស្សិតសិក្សានៅប្រទេសចិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុប ៥២០នាក់។

លោក អ៊ុំ វុទ្ធទី ដែលជាអ្នកដឹកនាំរៀបចំពិធីនេះ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូននិស្សិតសិក្សានៅក្រៅប្រទេស ជាពិសេសបងប្អូននិស្សិតសិក្សានៅប្រទេសចិន ព្រមទាំងបានថ្លែងអរគុណ ចំពោះការឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំយុវជនក្រៅប្រព័ន្ធ ក្រុមហ៊ុនចិន សប្បរសជនចិន និងការចូលរួមវិភាគទានរបស់បងប្អូននិស្សិត ក្នុងការរៀបចំពិធីនេះឡើង នៅទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

លោកប្រធានកិត្តិយសបានបន្តថា ការរៀបចំពិធីជួបជុំ និងអាហាសាមគ្គី ដើម្បីអបអរសាទរទិវាបុណ្យជាតិ ខួបអនុស្សាវរីយិ៍ខួបលើកទី៤៣ អបអរសាទរទិវាជ័យជម្នះ ៧មករា គឺបង្ហាញការដឹងគុណចំពោះវីរៈបុរសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ រំដោះប្រទេសចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការៀបចំពិធីដ៏ធំនេះ គឺបានបង្ហាញការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ។

លោក តាំង សាមឿន បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្ហាញពីអត្ថន័យនៃទិវាជ័យជម្នះ៧មករា ដែលជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរជនជំនាន់មុន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំតស៊ូ រំដោះប្រទេសឲ្យរួមផុតពីរបបខ្មៅងងឹតមួយនេះ ជាពិសេសអត្ថន័យសន្តិភាពដែលជាតម្រូវការចំបាច់បំផុតសម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រទេសជាតិ។

លោក LOBIN តំណាងអ្នកឧបត្ថម្ភគាំទ្រកម្មវិធី បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះកោតសើរ និងការសាមគ្គីរបស់និស្សិតកម្ពុជាសិក្សានៅប្រទេសចិន ក្រោមការដឹកនាំរបស់លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានផ្តួចផ្តើមរៀបចំពិធីជុំជួបនេះឡើងក្នុងទ្រង់ទ្រាយធំ រហូតដល់៥២០នាក់។ ហើយលោក និងបណ្តាក្រុមហ៊ុនចិនដដៃទៀត នៅបន្តគាំទ្រ និងឧបត្ថម្ភសមាគមនិស្សិត។

លោក ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខពោរពេញដោយក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជាជាពិសេស បណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់និស្សិតយើងជានិច្ច។

លោកក៏បានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញក្រោយឆ្នាំ១៩៩៨ ជាពិសេសអត្ថន័យនៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ “សូមអរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

ជាមួយគ្នានោះដែរ បងប្អូននិស្សិតកម្ពុជាក៏បានចូលរួមទគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលអនាគត ព្រមទាំងចូលរូមផ្តល់ហត្ថលេខាគាំទ្រ និងការពារសញ្ញាបត្រការសិក្សារបស់បណ្ឌិត ហ៊ុន ម៉ាណែត នៅក្រៅប្រទេសផងដែរ៕