(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំតម្រូវឲ្យប្រជាពលរដ្ឋដែលសង់តូបលក់ដូរ ឬសង់លំនៅដ្ឋានរំលោភដីចំណីផ្លូវត្រូវរុះរើជាបន្ទាន់ ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពផ្លូវសាធារណៈ។

លោក សាយ គឹមឡម ថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកនិងក្រុមការងារបានចុះត្រួតពិនិត្យការជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង៤៥០ម៉ែត្រ ភ្ជាប់ពីឃុំចំណាក្រោមទៅឃុំចំណាលើត្រង់ចំណុចផ្សារស្ពានគ្រង ភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះ លោកអភិបាលក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវខាងលើ ខណៈពួកគាត់មានការត្រេកអរសាទរជាខ្លាំងចំពោះសមិទ្ធផលថ្មីនេះ ដោយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការស្ថាបនាគម្រោងជួសជុលផ្លូវខាងលើនេះ គឺជាការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ក៏ដូចជាអ្នករស់នៅក្នុងតំបន់នេះផងដែរ។

លោកអភិបាលស្រុកបានឱ្យអាជ្ញាធរភូមិ ឃុំ និងគ្រប់អ្នកពាក់ព័ន្ធ ត្រូវជួយសម្របសម្រួល និងត្រួតពិនិត្យមើលឲ្យបានជាប្រចាំលើការកែលម្អផ្លូវខាងលើក៏ដូចជាការរុះរើ និងសោភ័ណភាពផ្លូវសាធារណៈ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាសហការចូលរួមទាំងអស់គ្នា ជាពិសេសពលរដ្ឋដែលរស់នៅតាមដងផ្លូវសូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗនៅលើដងផ្លូវ ឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលបានធ្វើឲ្យខូចផ្លូវផងដែរ។

លោកថា ប្រសិនបើផ្លូវសាធារណៈធំទូលាយ វាពិតជាជួយកាត់បន្ថយការកកស្ទះ ឬអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត៕