(ភ្នំពេញ)៖ ក្រោយសម្រេចបានសមិទ្ធផល និងលទ្ធផលការងារឆ្នាំ២០១៧ដល់ឆ្នាំ២០២១រួចមក គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងត្របែក នៃខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចដាក់ចេញទិសដៅបន្តការអភិវឌ្ឍសង្កាត់បឹងត្របែកសម្រាប់ឆ្នាំ២០២២ដល់ឆ្នាំ២០២៧។

ការប្រកាសទិសដៅការងារនេះធ្វើឡើងក្នុងសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ និងទិសដៅការងារបន្តអភិវឌ្ឍសង្កាត់ ឆ្នាំ២០២២ដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សសង្កាត់បឹងត្របែក នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងត្របែក ព្រមទាំងមានចូលរួមពីសំណាក់តំណាងគណបក្សរាជធានី តំណាងគណបក្សខណ្ឌ ក្រុមការងារចុះជួយសង្កាត់ អនុប្រធានគណបក្សសង្កាត់ ប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិក-សមាជិកាមកពីបណ្តាសាខាបក្សភូមិទាំងអស់ក្នុងសង្កាត់បឹងត្របែក។

សន្និបាតបក្សសង្កាត់បឹងត្របែកបានសម្រេចអនុម័តយល់ព្រមជាឯកច្ឆ័ន្ទលើរបាយការណ៍លទ្ធផលការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងបានសម្រេចអនុម័តយល់ព្រមជាឯកច្ឆ័ន្ទលើទិសដៅអភិវឌ្ឍសម្រាប់អាណត្តិ៥ឆ្នាំ នាពេលខាងមុខ។

ក្នុងនោះផងដែរ លោក ម៉ុង គឹមហេង ក៏បានលើកយកខ្លឹមសារសំខាន់ៗមកផ្សព្វផ្សាយនាពេលនេះ រួមមានការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៅទៀត បោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នាពេលអនាគត និងបោះឆ្នោតគាំទ្រសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ លោក ម៉ុង គឹមហេង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស និងលោកស្រិកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស និងលោក អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន ជូនចំពោះសមាជិកសមាជិកាគណបក្សសង្កាត់បឹងត្របែក នៅក្នុងឱកាសសន្និបាតដ៏ឱឡាឫកនេះ។

លោក ម៉ុង គឹមហេង ក៏បានក្រើនរំលឹកនូវការអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ពីព្រោះមេរោគកូវីដ១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ទោះបីមានវ៉ាក់សាំងស្ទើរគ្របដណ្តប់ទូទាំងប្រទេសហើយក៏ដោយ ប្រសិនបើយើងធ្វេសប្រហែស នោះសោកនាដកម្មអាចធ្លាក់មកលើក្រុមគ្រួសាររបស់យើង។ ហេតុនេះត្រូវបន្តនិងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងដូសមូលដ្ឋានឱ្យបានគ្រប់គ្នា និងត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល៕