(កណ្ដាល)៖ គណបក្សប្រជាជនកម្ពុជាសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បានប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាចំនួន១៤៤នាក់ក្នុងភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិននេះ។

ប្រកាសបញ្ចូលសមាជិកថ្មីនេះធ្វើឡើងក្រោមអធិបតីភាពលោក នុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន។

តំណាងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង១៤៤នាក់ បានធ្វើការប្តេជ្ញាចិត្តស្មោះស្ម័គ្រគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់កោះអន្លង់ចិន ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

លោកប្រធានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

គណៈអធិបតីក៏បានឧបត្ថម្ភដល់សមាជិកសមាជិកថ្មីទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា ២០.០០០រៀលផងដែរ៕