(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋជានិច្ច ហើយចំណុចនេះមន្ត្រីបក្សទាំងអស់ត្រូវពន្យល់ណែនាំបន្តទៅកាន់សមាជិក-សមាជិកាក្រោមឱវាទរបស់ខ្លួន។

ការថ្លែងបែបនេះរបស់លោក វង សូត ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

ឆ្លៀតឱកាសនោះដែរ លោក វង សូត បានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនទៀត។

ទន្ទឹមនឹងនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជាគឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ។ ម្យ៉ាងវិញទៀត លោកបានស្នើសុំដល់សមាជិកសមាជិកាទាំងអស់កុំជឿទុកដាក់ចិត្តការញុះញង់របស់គណបក្សដទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។

លោក វង សូត បញ្ជាក់ទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជាត្រូវតែលះបង់ពេលវេលា សមត្ថភាពបម្រើ និងការពារជូនប្រជាពលរដ្ឋតាមត្រូវការប្រចាំថ្ងៃ ពោលគឺធ្វើយ៉ាងណា លើកស្ទួយជីវភាពគ្រួសារដែលជួបការលំបាក និងក្រីក្រឲ្យកាន់តែល្អប្រសើរ។

លោក វង សូត បានអំពាវនាវដល់មន្ត្រី CPP ទាំងអស់ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តបីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ជាពិសេសនោះត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ៕