(ឧត្តរមានជ័យ)៖ ព្រះសង្ឃដែលមានតួនាទីការពារព្រៃឈើ ក្នុងសហគមន៍សង្ឃរុក្ខវ័ន បានសម្ដែងនូវការព្រួយបារម្ភ ចំពោះការរលាយហិនហោចធនធានធម្មជាតិព្រៃឈើធំ សត្វព្រៃគ្រប់ប្រភេទ នៅថ្ងៃអនាគតជាក់ជាមិនខាន បើទោះបីព្រៃសហគមន៍នេះ មានការការពារយ៉ាងតឹងរឹងបំផុតទាំងយប់ ទាំងថ្ងៃពីសំណាក់ព្រះសង្ឃក៏ដោយ។

បើតាមការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ឈ្មោះ Em So Ann ដែលគេស្គាល់ច្បាស់ថា ជាគណនីហ្វេកប៊ុករបស់ព្រះសង្ឃកំពុងការពារព្រៃសហគមន៍សង្ឃរក្ខវ័ន បានសរសេររៀបរាប់ថា «ព្រៃឈើដែលព្រះសង្ឃខំការពារជិត២០ឆ្នាំ អាចអស់ដោយសារមនុស្ស ៣ប្រភេទ៖ ទី១ គឺអ្នកស្រុកភូមិ នៅជិតព្រៃលោកមួយចំនួនតូច, ទី២ គឺក្រុមមន្រ្តីការពារផងលួចផង និងទី៣ គឺក្រុមមន្រ្តីធ្វើជាអ្នកដេញចាប់ចោរផង ឃុបឃិតជាមួយចោរផង»

ព្រះសង្ឃដដែលបានបន្តថា ប្រសិនបើច្បាប់មានហើយ មិនអនុវត្តន៍ឲ្យតឹងរឹងជាមួយមនុស្សប្រភេទទាំងនេះទេ ព្រៃឈើអាចអស់ជាមិនខាន។

ព្រះសង្ឃការពារព្រៃឈើក្នុងសហគមន៍សង្ឃរុក្ខវ័នបានសុំបិណ្ឌបាតដល់ថ្នាក់លើ «មុនជ្រើសរើសមន្រ្តីជាអ្នកការពារព្រៃ ត្រូវគិតពិចារណាអំពីបុគ្គលនោះសិន បើរើសចោរជាអ្នកការពារព្រៃ គឺព្រៃនឹងអស់ជាមិនខាន បើបញ្ជូនចោរឲ្យជួយការពារប្រាកដណាស់ព្រៃអស់ជាមិនខាន»។

ព្រះសង្ឃខាងលើក៏បានសំណូមពរ ដល់អ្នកមួយចំនួនដែរឲ្យត្រូវស្គាល់ខ្លួនឯងផង អ្នកមកទីនេះគ្រាន់តែជួយសហការជាមួយព្រះសង្ឃតែប៉ុណ្ណោះ មិនមែនមកបញ្ជាព្រះសង្ឃទេ ធ្វើជាអ្នកបញ្ជាគេត្រូវតែមានសីលធម៌ យុត្តិធម៌ សច្ចធម៌ ទើបគេឲ្យតម្លៃ៕