(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានាការ ៣ការពារ និង៣កុំ រួមផ្សំជាមួយការអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ព្រោះពេលនេះវីរុសបំប្លែងថ្មី «អូមីក្រុង» ត្រូវបានរកឃើញឆ្លងក្នុងសហគមន៍ហើយ។

ករណីឆ្លងវីរុសបំប្លែងថ្មី «អូមេក្រុង» ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ វ័យ២៣ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។

តាមរយៈសារសំឡេងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវយ៉ាងដូច្នេះថា «អ្វីដែលសំខាន់វីរុសអូមីក្រុង ត្រូវបានរកឃើញនៅក្នុងសហគមន៍ហើយ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួនឲ្យសោះ សូមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗ នៅពេលដល់វេនរបស់ខ្លួន»

បើតាមការបញ្ជាក់របស់លោកស្រីរដ្ឋលេខាធិការ រហូតមកដល់ពេលនេះ មនុស្ស៦នាក់ហើយ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសវ័យ២៣ឆ្នាំ ក្នុងនោះបងប្អូនជីដូនមួយ ដែលទើបមកពីអូស្ត្រាលី, ក្រុមគ្រួសារ ៣នាក់នៅស្រុកតានី ខេត្តកំពត និង២នាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតដំណាក់កាលវិភាគតាមដាន រង់ចាំលទ្ធផលពិសោធន៍។

ចំពោះផែនការនៃការពារការរីករាលដាលវីរុសបំប្លែងថ្មី អូមីក្រុងនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងមិនទាន់បានចាក់លើកទី១ លើកទី២ និងដូសជំរុញ ឬដូសទី៣ ក្តី ខណៈរាជរដ្ឋាភិបាលបានប្រកាស ពីយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ គឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២តទៅ នៅតាមមន្ទីរពេទ្យជាតិ៕