(សហរដ្ឋអាមេរិក)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋអូរីហ្គិន សហការជាមួយប្រធាន-អនុប្រធាន សមាជិក-សមាជិកាគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអូរីហ្គិន បានរៀបចំកម្មវិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២២)។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក ចូលរួមសរុបចំនួន៣៥នាក់ យ៉ាងសប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ស្មារតី ៧ មករា រំឭកឱ្យប្រជាជនកម្ពុជាចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលប្រជាជាតិធ្លាប់បានឆ្លងកាត់ ហើយស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាសច្ចធម៌ប្រវត្តិសាស្រ្ត បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា ប្រជាជនកម្ពុជាពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ។

តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូល ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក យ៉ាងប្តូរផ្តាច់ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញ ដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។ ជោគជ័យក្នុងការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្រ្តនេះ បានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើន រហូតមកដល់ពេលនេះ។

បុរសនាំសន្តិភាពជូនមាតុកម្ពុជាទាំងមូល សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជាថ្ងៃកំណើតទី២ របស់ខ្លួន។ បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត»៕