(សហរដ្ឋអាមេរិក)៖ សាខាគណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបចំកម្មវិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២២)។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចូលរួមសរុបចំនួន៣៥០នាក់ យ៉ាងសប្បាយរីករាយក្រៃលែង និងស្និទ្ធស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

គណៈកម្មាធិការរៀបចំបុណ្យជាតិ ៧ មករា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានចូលរួមរៀបចំកម្មវិធីរួមមាន៖

១៖ លោក នូ ផល្លី ប្រធានអនុសាខាបក្សប្រចាំទីក្រុងទ្បុងប៉ិច ប្រធានគណៈកម្មាធិការបុណ្យជាតិ ៧មករា
២៖ លោកស្រី ប៉ាង វណ្ណនេសា ប្រធានយុវជនទីក្រុង រីវើសាយ
៣៖ លោក ហ៉ីង ដែនម៉ាគ្លីន ប្រធានអនុសាខាទីក្រុងទ្បុងប៉ិច
៤៖ លោក យស់ បូវណ្ណៈ ប្រធានអនុសាខាទីក្រុង ស៉ីកណល់ហៀល
៥៖ លោក យក់ សុភារដ្ឋ ប្រធានយុវជនទីក្រុងទ្បុងប៉ិច
៦៖ លោក លឹម តូនីហ៊ុយ ប្រធានយុវជនទីក្រុង អូរ៉េនខោនធី
៧៖ លោកជំទាវ លី ស៉ីថារី ប្រធានយុវជនស៉ីកណល់ហៀល
៨៖ លោក អ៊ុក ចាន់រិទ្ធ ប្រធានយុវជន Los Angeles
៩៖ លោក ស៉ីន តូនី ប្រធានយុវជន Los Angeles
១០៖ លោក យាំង ស៉ីណារ៉ា ប្រធានយុវជនទីក្រុង Temecula
១១៖ លោក ចក់ យូរិទ្ធ ប្រធានអនុសាខាទីក្រុង Riverside
១២៖ លោក ឈ ស៉ីហៃ ប្រធានយុជន Costa Mesa
១៣៖ លោក គឹម ឆាហួត កុងស៊ុលកិត្តិយសប្រចាំទីក្រុងទ្បុងប៉ិច
១៤៖ លោកស្រី ប្រាក់ លីណា អនុប្រធានយុវជន Costa Mesa
១៥៖ លោក ម៉ៅ មនោរ៉ា ប្រធានអនុសាខា ប្រចាំទីក្រង San Bernadino
១៦៖ លោក ផាន់ សមនា អគ្គលេខា ទីក្រុង ឡេកវូដ
១៧៖ លោកស្រី ឡេង អមរា បានរៀបចំបុណ្យជាតិ អបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះ៧មករា ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមសរុប៣៥០នាក់។

នៅក្នុងឱកាសនោះផងដែលលោក នូ ផល្លី ក៏បានអាននូវសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបានលើកយកមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល, លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងលោក សរ សេរីចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងលោក កែវ វ៉ាន្នី ប្រធានក្រុមការងារអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជន ទទួលបន្ទុករដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តាមរយៈសារលិខិតថា ស្មារតី ៧ មករា រំឭកឱ្យប្រជាជនកម្ពុជាចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលប្រជាជាតិធ្លាប់បានឆ្លងកាត់ ហើយស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាសច្ចធម៌ប្រវត្តិសាស្រ្ត បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា ប្រជាជនកម្ពុជាពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ។

តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូល ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក យ៉ាងប្តូរផ្តាច់ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញ ដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។ ជោគជ័យក្នុងការអនុវត្តបណ្តាភារកិច្ចជាយុទ្ធសាស្រ្តនេះ បានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើន រហូតមកដល់ពេលនេះ។

បុរសនាំសន្តិភាពជូនមាតុកម្ពុជាទាំងមូល សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជាថ្ងៃកំណើតទី២ របស់ខ្លួន។ បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត»