(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីទីតាំងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២៣ខាងមុខនេះ ខណៈពេលនេះ ការសិក្សាជិតចប់សព្វគ្រប់អស់ហើយ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ពានឆ្លងទន្លេមេគង្គ នៅភ្នំពេញ គឺស្ពានស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដែលមានជម្រើសស្ពាន៣ប្រភេទ មានស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ចេញថ្លៃសាងសង់ [...] ខ្ញុំគិតថាទាល់ឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពានស្វាយជ្រុំនេះបាន»

លោករដ្ឋមន្ត្រីបន្តថា ចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេចផងដែរ ដោយមានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ដូច្នេះទីតាំងណាដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច ជាជម្រើសល្អ។

ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រសួងក៏កំពុងសិក្សាសាងសង់ស្ពានមួយទៀត នៅចាក់អង្រែក្រោម ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំង នៅស្ពានព្រះមុនីវង្សរៀងរាល់ថ្ងៃ ដូច្នេះទើបសម្រេចសាងសង់ស្ពានថ្មីមួយទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ពីរាជធានីភ្នំពេញ ទៅកាន់ច្បារអំពៅ។

សូមជម្រាបថា ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕